សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីនិងភារកិច្ច ដូចតទៅ៖ គាំទ្រដល់ការអនុវត្តមុខងាររបស់អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈនិងនវានុវត្តន៍ អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងអនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រីរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងផែនការ សកម្មភាពនៃកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។ រៀបចំឯកសារ របាយការណ៍ កិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ សម្របសម្រួលការងារប្រចាំថ្ងៃនិងបំពេញការងាររដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងផ្នែកភស្តុភារ ក្រោមកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ រៀបចំគម្រោងសម្រាប់អនុវត្តការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ ផ្តល់យោបល់និងលើកសំណើដោះស្រាយជូន គ.ក.ស. លើបញ្ហាប្រឈមនិងបញ្ហាជំនាញ បច្ចេកទេសដើម្បីជំរុញល្បឿន និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។ សហការនិងសម្របសម្រួលជាមួយអង្គភាពនានាក្រោមឱវាទក្រសួងមុខងារសាធារណៈ ក្រសួង សា្ថប័ន ដៃគូអភិវឌ្ឍ គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធនានា ដើម្បីជាជំនួយដល់ការអនុវត្តកម្មវិធីជាតិ កែទម្រង់រដ្ឋបាលសាធារណៈតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ សម្របសម្រួលការងារជាមួយអង្គភាពពាក់ព័ន្ធនៃកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។ ផ្សព្វផ្សាយអំពីគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព កម្មវិធី ព្រមទាំងសមិទ្ធផល នានានៃកំណែទម្រង់រដ្ឋបាលសាធារណៈ។ រៀបចំនិងបូកសរុបរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈជូនគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ៕
ដោយ៖ពលជ័យ





