អ.ស.ប៖​​ពិបាក​ក្នុង​ការ​ស្ដារ​កិច្ច​ព្រៀម​ព្រៀង​នាំ​ចេញ​ស្បៀង​ធញ្ញជាតិ​​តាម​​សមុទ្រខ្មៅ​

អ.ស.ប៖អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ អង់តូនីញ៉ូ ហ្គូតទែរ៉េស​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​កាល​ពី​ថ្ងៃ​ពុធ​ទី​៨ ខែវិច្ឆិកា​​ថា​ វា​នឹង​ពិបាក​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​ដ៏​សំខាន់​ ដែល​អនុញ្ញាត​ឱ្យ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​តាម​សមុទ្រ​ខ្មៅ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​ ​ក្រោយ​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​កាល​ពី​ខែ​កក្កដា​។ ​

លោក ហ្គូតទែរ៉េស​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​នឹង​ពិបាក​។​ យើង​កំពុង​បន្ត​​​ខិត​ខំ​ប្រឹង​ប្រែង​។​ ប៉ុន្តែ​វា​នឹង​មាន​ការ​លំបាក​»​។

​លោក​បន្ត​ថា​ គោលដៅចម្បង​គឺ​​​​​ធ្វើ​​ឱ្យ​​​រុស្ស៊ី ​​និង​​អ៊ុយក្រែន​​ យល់​ព្រម​គ្នា​អនុញ្ញា​ត​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​ម​​ក​ ប៉ុន្តែ​ការណ៍​នេះ​​ទំនង​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ​។​

គួរ​រំឭក​ថា​ រុស្ស៊ី​​បា​ន​​បើក​​ការ​​ឈ្លាន​ពាន​​អ៊ុយក្រែន​ទូទាំង​ប្រទេស​​កាល​​​ពីចុង​ខែ​កុម្ភៈ​​ឆ្នាំ​​មុន​។​ ប្រទេស​លោក​ខាង​លិច​ ហើយ​អង្គការ​សហប្រជាជាតិ​ បាន​ស្ដី​បន្ទោស​ការ​ឈ្លាន​ពាន​នេះ​ ថា​ធ្វើ​ឱ្យ​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក​កាន់​តែ​ដុន​ដាប​ទៅ​ៗ​ ដោយ​សារ​តែ​អ៊ុយក្រែន​ និង​រុស្ស៊ី​​គឺ​ជា​អ្នក​នាំ​ចេញ​​​ស្បៀង​ធញ្ញជាតិ​​​សំខាន់​ៗ​ ហើយ​រុស្ស៊ី​ក៏​ជា​អ្នក​នាំចេញ​ជី​កសិកម្ម​ដ៏​ធំ​​របស់​ពិភព​លោក​។

​នា​ពេល​នេះ​ មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​កំពុង​ធ្វើ​ការ​ដើម្បី​ព្យាយាម​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​នាំចេញ​​គ្រាប់​ធញ្ញជាតិ​តាម​​សមុទ្រ​​​ខ្មៅ​ ដែល​រុស្ស៊ី​​ដក​ខ្លួន​ចេញ​កាល​ពី​ខែ​កក្កដា​ ក្រោយ​កិច្ច​ព្រម​ព្រៀង​នេះ​សម្រេច​បាន​មួយ​ឆ្នាំ​ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​ និង​តួកគី​។

​រុស្ស៊ី​បាន​​ត្អូញ​ត្អែរ​ថា​ការ​នាំ​ចេញ​អាហារ​ និង​ជី​​របស់​ខ្លួន​ប្រឈម​នឹង​ឧបសគ្គ​​ដែល​ខុស​ពី​កិច្ច​ព្រម​ព្រៀង​ ​ហើយ​ចោទ​ទៀត​ថា​ ​​​អ៊ុយក្រែន​​នាំ​ចេញ​ស្បៀង​ធញ្ញជាតិ​ភាគ​ច្រើន​ទៅ​ប្រទេស​លោកខាង​លិច​ ជា​ជាង​ប្រទេស​ដែល​ជួប​បញ្ហា​ស្បៀង​ធ្ងន់​ធ្ងរ​។ ​ការណ៍​នេះ​ ត្រូវ​បាន​លោក​ខាង​លិច​ និង​អ៊ុយក្រែន​ច្រាន​ចោល​ ហើយ​និយាយ​ថា​ រុស្ស៊ី យក​បញ្ហា​ស្បៀង​ធ្វើ​ជា​អាវុធ​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ UN chief says it will be difficult to revive Black Sea grain deal 

ads banner