ឯកឧត្តម ប៉ែន បូណា៖ ខួប៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិក្រោមម្លប់សន្តិភាពលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការធានាស្ថិរភាពសង្គម និងការអភិវឌ្ឍ

ភ្នំពេញ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ។ ក្នុងមហាទិវាប្រកបដោយមោទនភាពជាតិនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ប្រជាពលរដ្ឋខ្មែរ សូមរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជាឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលខ្មែរចងចាំមិនភ្លេច»។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរក៏សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់បិតាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមនោះគឺ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរចេញពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ឱ្យកម្ពុជារីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ»។

ឯកឧត្តម ប៉ែន បូណា ក៏បានទាញការកត់សម្គាល់ផងដែរថា «ស្នាព្រះហស្ថ និងស្នាដៃដ៏អស្ចារ្យរបស់ព្រះបរមរតនៈកោដ្ឋ និងសម្តេចតេជោ កំពុងត្រូវបានថែរក្សា ការពារ និងពូនជ្រុំយ៉ាងហ្មត់ចត់បំផុតដោយមេដឹកនាំបន្តវេនប្រកបដោយថាមពលនិងទេពកោសល្យខ្ពស់ នោះគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកធានានូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងការអភិវឌ្ឍ ឱ្យស្ថិតស្ថេរជាដរាបតទៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ និងក្រោមកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ដោយគ្មានអានុភាពអ្វីមករារាំងបានឡើយ»៕
ដោយ៖ពលជ័យ/រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner