មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល រម្លឹកដល់វីរភាពនៃព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចទាមទារឯករាជ្យជាតិពីបារាំង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជាឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលខ្មែរចងចាំមិនភ្លេច។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើបណ្តាញសង្គមថា «ប្រជាពលរដ្ឋខ្មែរសូមរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជាឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលខ្មែរចងចាំមិនភ្លេច»។ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរក៏សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់បិតាស្ថាបនិកនយោបាយឈ្នះឈ្ នះនិងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមនោះគឺ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរចេញពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ឱ្យកម្ពុជារីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ»។ ឯកឧត្តម ប៉ែន បូណា ក៏បានទាញការកត់សម្គាល់ផងដែរថា «ស្នាព្រះហស្ថ និងស្នាដៃដ៏អស្ចារ្យរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ កំពុងត្រូវបានថែរក្សា ការពារ និងពូនជ្រុំយ៉ាងហ្មត់ចត់បំផុតដោយមេដឹកនាំបន្តវេនប្រកបដោយថាមពលនិងទេពកោសល្យខ្ពស់នោះគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកធានានូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ ឱ្យស្ថិតស្ថេរជាដរាបតទៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ និងក្រោមកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ដោយគ្មានអានុភាពអ្វីមករារាំងបានឡើយ»។

លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងក្រោមព្រះរាជបូជនីយកម្មរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ថ្ងៃ៩ វិច្ឆិកា គឺជាគុណតម្លៃដ៏ឧត្តុង្គឧត្តមដែលយើងជាខ្មែរត្រូវចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារប្រទេស ការពារសុខសន្តិភាព រក្សាឱ្យបាននូវស្ថេរភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យសម្បូររុងរឿងក្រោមស្មារតីខ្មែរតែមួយ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចទូទៅនៃអង្គការលីលាដូ បានថ្លែងថា ថ្ងៃទី៩ វិច្ឆិកានេះ គឺជាថ្ងៃបុណ្យរម្លឹកខួបឯករាជ្យដែលកម្ពុជាទទួលបានឯករាជ្យភាពពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកម្មរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ។ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៧០ឆ្នាំ នៅឆ្នាំនេះ គឺមានទំហំធំ និងមានភាពអធឹកអធម ក្រោមរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលជារាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា ការរម្លឹកខួបបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នេះ គឺជាការរម្លឹក និងធ្វើឱ្យកូនខ្មែរគ្រប់រូបចងចាំនៅការទាមទារឯករាជ្យភាពពីបរទេស ជាពិសេសគឺការរស់នៅក្រោមនឹមបរទេសត្រួតត្រា។ សូមឱ្យខ្មែរមានការរួបរួម សាមគ្គីគ្នា និងមានការឯកភាពគ្នា តាមព្រះរាជបណ្តាំរបស់ព្រះបរមរតនកោដ្ឋ។

ចំណែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានថ្លែងថា នៅថ្ងៃទី៩ វិច្ឆិកា ២០២៣ នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃការទទួលបានឯករាជ្យពីអាណានិគមបារាំង ដោយកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានអធិបតេយ្យភាព និងមានការធ្វើសេចក្តីសម្រេចចិត្ត និងគ្រប់គ្រងដឹកនាំដោយខ្លួនឯង៕
ដោយ៖ពលជ័យ

ads banner