សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “សន្តិភាព និងការបង្រួបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុតដែលយើងជាអ្នកជំនាន់ត្រូវតែរែកពន់ និងថែរក្សាឱ្យបានជាដាច់ខាត”
“សន្តិភាព និងការបង្រួបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុតដែលយើងជាអ្នកជំនាន់ត្រូវតែរែកពន់ និងថែរក្សាឱ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ”។
នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបញ្ជាការដ្ឋានទ័ពពិសេស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ក៏ដូចជាសង្គមជាតិកម្ពុជាសព្វថ្ងៃ។ ពិតណាស់ជាមួយនឹងសន្តិភាពដែលយើងបានរកបានដោយលំបាក ហើយសង្ឃឹមថា យើងនឹងលែងប្រឈមនឹងការប្រយុទ្ធទ្រង់ទ្រាយធំដូចជំនាន់មុនៗ ក៏ប៉ុន្តែការគំរាមកំហែងបញ្ហាសន្តិសុខនឹងនៅតែបន្តប្រសិនបើយើងធ្វេសប្រហែស។ ស្របពេលដែលភាពតានតឹង និងសកលលោកនៅបន្តកើតឡើង។ ជាក់ស្តែងបញ្ហាទាក់ទងប្រឆាំងភេរវកម្ម ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងក្លាយជាឧទាហរណ៍មួយចំនួននៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី២១នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការកើតឡើងនៅបញ្ហាទាំងនេះ ជាសក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយដែលអាចមានសមត្ថភាពខ្ពស់អាចឆ្លើយតបបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ នេះហើយជាបេសកកម្មស្នូល និងជាមូលហេតុដែលយើងបានបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។ សម្តេចសង្ឃឹមថា អង្គភាពទ័ពពិសេសនឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់សម្រាប់វិស័ការពារជាតិនាពេលអនាគត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត














