តួកគីចោទប្រកាន់សហភាពអឺរ៉ុបថាបានប្រព្រឹត្តស្ដង់ដារទ្វេ ក្នុងរង្វាយតម្លៃសមាជិកភាពរបស់ខ្លួន
ដាកា៖ រដ្ឋាភិបាលតួកគីបានថ្កោលទោសសហភាពអឺរ៉ុប ចំពោះរបាយការណ៍រង្វាយតម្លៃប្រទេសដែលស្នើចូលជាសមាជិកសហភាពអឺរ៉ុបនេះថាមាន “ចរិតលម្អៀង និងអយុត្តិធម៌” ក្រោយពេលប្លុកនេះបានចោទថា ស្ដង់ដាប្រជាធិបតេយ្យរបស់តួកគីបានត្រលប់ទៅរកស្ថានភាពអាក្រក់វិញ ខណៈដែលអ៊ុយក្រែនត្រូវបានផ្ដល់ឱកាសឱ្យចរចាចូលជាសមាជិក។
ក្រសួងការបរទេសតួកគី បានឆ្លើយតបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុបដែលប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មិនស្មើភាព និងអយុត្តិធម៌ ហើយអាចនាំមកនូវក្ដីបារម្ភចំពោះអនាគតនៃទ្វីបអឺរ៉ុបនេះផងដែរ។ ក្រសួងការបរទេសតួកគី ក៏បានច្រានចោលនូវការចោទប្រកាន់នានាជុំបញ្ហាសិទ្ធិមនុស្សនៅតួកគី ដែលពុំមានអំណះអំណាងត្រឹមត្រូវ ហើយហៅការចោទប្រកាន់នេះថាជាស្ដង់ដាទ្វេ។
សហភាពអឺរ៉ុបបានជំរុញឱ្យចាប់ផ្ដើមការចរចាចូលជាសមាជិកដល់ប្រទេសអ៊ុយក្រែន និងម៉ុលដូវ៉ា ក្រោយពេលប្រទេសទាំងពីរបញ្ចប់កំណែទម្រង់ដែលទាមទារដោយប្លុក។ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Von der Leyen បានបញ្ជាក់ថា អ៊ុយក្រែនបានសម្រេចបានលើសពី ៩០%នៃកំណែទម្រង់ដែលទាមទារដោយសហភាពអឺរ៉ុបហើយ ដូច្នេះសហភាពអឺរ៉ុបចាំបាច់ត្រូវគិតគូរពីជំហានបន្ដសម្រាប់អ៊ុយក្រែន។
គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃអង្គការណាតូ តួកគីបានព្យាយាមស្នើចូលជាសមាជិកនៃសហភាពអឺរ៉ុបតាំងពីឆ្នាំ ២០០៥ ប៉ុន្ដែពុំទទួលបានសម្រេចឡើយដោយប្លុកនេះតែងទាមទារឱ្យមានកំណែទម្រង់លើច្រើនផ្នែក ហើយសភាអឺរ៉ុបបានសម្រេចព្យួរដំណើរការស្នើសុំជាសមាជិករបស់តួកគីនៅឆ្នាំ២០១៩៕

ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា