សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាឱ្យបណ្ដេញជនល្មើសជាមន្ត្រីបួននាក់ ចេញពីក្របខ័ណ្ឌមន្ត្រីសាធារណៈ ក្នុងករណីបាញ់បោះរាប់រយគ្រាប់ នៅគិរីរម្យ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា អ្នកពាក់ព័ន្ធចំនួនបួននាក់ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រី សាធារណៈ ក្រោយរកឃើញថា បានបាញ់បោះសេរីនៅគិរីរម្យ។
សម្តេចធិបតីបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់ អភិវឌ្ឍន៍ កោះពេជ្រ” ។

សម្តេចធិបតី បានបញ្ជាក់ថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបាន បាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានដក ចេញពីក្របខ័ណ្ឌ ។សម្តេចជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់ វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬមន្រ្តីរាជ ការណា ដែលបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀនជាដើម ។

សម្តេចបន្តថា មិនត្រូវលើកលែងឱ្យ ទៀតនោះទេ ចំពោះកងកម្លាំងដែល បានប្រព្រឹត្តខុស ដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ដែលនេះត្រូវចាត់វិធានការភ្លាមៗ ហើយករណីបែបនេះ ត្រូវតែ ធ្វើជាដាច់ខាត ចាប់ពីពេលនេះតទៅ។

សូមរំលឹកថា អ្នកពាក់ព័ន្ធចំនួនបួននាក់ ដែលគេដឹងថា ជាមន្រ្តី នគរបាល ដែលបានបាញ់បោះសេរីចំនួនជាង ២០០គ្រាប់ កាលពី កន្លងទៅនោះនាពេលនេះ ត្រូវបានចូលខ្លួនមកសារភាព ហើយ សមត្ថកិច្ច បន្តសាកសួរ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់ជាធរមាន ផងដែរ ។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជនសង្ស័យទាំងបួននាក់នេះ ត្រូវបានដកចេញពី ក្របខ័ណ្ឌនគរបាល ដើម្បីចាត់ទុកជាការព្រមានដល់មន្រ្តីផ្សេងៗទៀត ដែលព្រហើនបែបនេះ ៕
អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

