វីរកីឡាករ សាលី អ៊ូមើត ត្រូវបានសហព័ន្ធកីឡាម៉ូតូទឹក តែងតាំជាអគ្គលេខាធិការ
(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ផ្ដល់សេចក្ដីទុកចិត្តតែងតាំង វីរកីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត ជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចដ៏ជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីពេលថ្មីៗ នៅសាលប្រជុំនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា បន្ទាប់ពីសហព័ន្ធ បានបង្កើតឡើងនៅ (ឆ្នាំ២០១៧) កីឡាករ សាលី អ៊ូមើត ធ្លាប់ជាអគ្គលេខាធិការម្ដងរួចមកហើយ តែដោយសារលក្ខខណ្ឌប្រកួតស៊ីហ្គេម មិនអនុញ្ញាតឲ្យកីឡាករមានតួនាទី ២ (ជាកីឡាករផង ជាមន្ដ្រីសហព័ន្ធផង) ទើបសហព័ន្ធតម្រូវឲ្យ អ៊ូមើត លាលែងពីតំណែង ដើម្បីប្បំពេញតួនាទីជាកីឡាករ ដណ្ដើមមេដាយមាសជូនជាតិ ។
ក្រោយប្រកួតស៊ីហ្គេមដ៏ជោគជ័យ ដោយមើលឃើញពីការខិតខំប្រឹងប្រែង សាលី អ៊ូមើត បានសាងស្នាដៃជូនសហព័ន្ធ និងប្រទេស គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏សម្រេចផ្ដល់ការគាំទ្រឲ្យរូបលោកធ្វើជា អគ្គលេខាធិការ ជាថ្មី នាពេលនេះ ។

លោក សាលី អ៊ូមើត បានសម្ដែងក្ដីរីករាយ ដែលទទួលបានសេចក្ដីទុកចិត្តជាថ្មីពីថ្នាក់ដឹកនាំសហព័ន្ធ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់រួមចំណែកបណ្ដុះបណ្ដាល និងរៀបចំការប្រកួតនានា ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន និងសម្បូរធនធាន សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា ។
ទន្ទឹមនឹងទទួលបានការតែងតាំងជាអគ្គលេខាធិការសហព័ន្ធ សាលី អ៊ូមើត ក៏ទទួលបានការប្រគល់ភារកិច្ចពីប្រធានសហព័ន្ធ ក្នុងការដឹកនាំ និងរៀបចំការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកែប ក្នុងឱកាសពិធីបុណ្យសមុទ្រ លើកទី១០ ចាប់ពីថ្ងៃទី០១-០៣ ខែធ្នូខាងមុខ ។ ក្នុងនោះ អ៊ូមើត ក៏ត្រៀមរៀបចំការប្រកួតពិសេសមួយ(សុំមិនទាន់បង្ហើប) ដើម្បីអបអរសាទរ និងផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវជាតិ-អន្ដរជាតិ ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះផងដែរ ៕


ចាន់ វិចិត្រ