ក្រុមប្រឹក្សាសន្តិសុខអំពាវនាវឱ្យមានបទផ្អាកបាញ់មនុស្សធម៌នៅហ្គាហ្សា

អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តលើដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមានការពង្រីកបទផ្អាកបាញ់មនុស្សធម៌ នៅក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ដំណោះស្រាយនេះ ជាការប៉ុនប៉ងលើកទី៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បបញ្ចេញសកម្មភាពរបស់ខ្លួន ចាប់តាំងពីសង្រ្គាម អ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងមក។ ដំណោះស្រាយនេះដែរ ព្រាងឡើងដោយប្រទេសម៉ាល់តា និងទទួលបានការអនុម័តយល់ព្រមពីសមាជិកចំនួន ១២ នៅក្នុងចំណោមសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បើតាមដំណោះស្រាយនេះ បានអំពាវនាវឱ្យមានការពង្រីកបទផ្អាកបាញ់មនុស្សធម៌ជាបន្ទាន់ និងបើកច្រករបៀងនៅទូទាំងតំបន់ ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្ដល់ជំនួយទៅដល់ប្រជាជនស៊ីវិល ព្រមទាំងអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា ការវាយប្រហារនៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយលុកឆ្លងកាត់ព្រំដែនហ្គាហ្សា បានសម្លាប់មនុស្ស ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការរាប់របស់អ៊ីស្រាអែល។ ហើយការវាយលុកសងសឹករបស់អ៊ីស្រាអែលវិញ ចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សប្រហែល ១១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner