នាយករដ្ឋមន្ត្រី៖ កម្ពុជា នៅរក្សាការបញ្ចុះថ្លៃអគ្គិសនី ដល់ប្រតិបត្តិករទេសចរណ៍ ៣ខែក្នុងរដូវភ្ញៀវទេសចរច្រើន

(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា មិនដំឡើងថ្លៃអគ្គិសនីនោះទេ ទោះបីជាពិភពលោក ជួបនូវវិបត្តិថាមពល ដែលតម្រូវឱ្យប្រទេសជាច្រើនដំឡើងថ្លៃអគ្គិសនីក្តី ដោយរដ្ឋ ត្រូវខាតបង់ប្រាក់រាប់រយលានដុល្លារក្នុង ១ឆ្នាំ ។ ការមិនដំឡើងថ្លៃនេះ គឺជាការគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដែលសេដ្ឋកិច្ចជួបការលំបាក។

សម្តេចបានពន្យល់ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះថា គឺយកមធ្យមភាគ នៃការប្រើប្រាស់អគ្គិសនី រយៈពេល៦ខែ (រហូតដល់ខែ១២ ឆ្នាំ២០២៣)។ ឧទាហរណ៍ថា រយៈពេល ៦ខែ ជាមធ្យមប្រតិបត្តិករទេសចរណ៍ ប្រើអគ្គិសនីអស់ ៥០០គីឡូវ៉ាត់ម៉ែត្រម៉ោង ប៉ុន្តែនៅពេលខែមានភ្ញៀវទេសចរច្រើន (High Season) បែរប្រើអគ្គិសនីឡើងដល់ ៨០០គីឡូវ៉ាត់ម៉ែត្រក្នុង១ខែ ដូច្នេះ ៣០០គីឡូវ៉ាត់ម៉ែត្រដែលលើសនេះ ត្រូវបានការបញ្ចុះតម្លៃ ១៥ភាគរយ ដើម្បីជួយដល់ប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស។

សម្តេចធិបតី បានថ្លែងថា សម្រាប់កម្ពុជាយើងឆ្នាំនេះ មានលទ្ធភាពក្នុងការថែរក្សាលំនឹងថ្លៃភ្លើង ទោះបីជារដ្ឋ ត្រូវការខាតបង់មួយចំនួនក៏ដោយ ប៉ុន្តែយើងបានខិតខំធ្វើយ៉ាងឱ្យថ្លៃអគ្គិសនីនៅកម្ពុជា បានថែរក្សាពេញមួយឆ្នាំ នេះគឺជាការខិតខំប្រឹងប្រែងរបស់យើង ។

សម្តេចបន្ថែមថា ក្នុងរយៈពេល៣ខែ ក្នុងរដូវកាល High Season នេះ អគ្គិសនីកម្ពុជា បានគិតគូរក្នុងការជួយលើកទឹកចិត្ត តាមរយៈការបញ្ចុះតម្លៃ ១៥ភាគរយ នៃការប្រើប្រាស់អគ្គិស នីដែលលើសពីមធ្យមនៃការប្រើប្រាស់ ជួយដល់ប្រតិបត្តិករទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប ភោជនីយដ្ឋានធំៗ មិនមែនតែក្នុងខេត្តសៀមរាបទេ គឺក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការជួយបញ្ចុះថ្លៃអគ្គិសនី សម្រាប់ប្រតិបត្តិករទេសចរណ៍នេះ ទោះបីមិនច្រើនក្តី ប៉ុន្តែជាការជួយរបស់រាជរដ្ឋាភិបាល បន្ថែមពីការលើកទឹកចិត្តផ្នែកពន្ធ។

សូមរំលឹកថា កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញថ្លៃខាតលើអគ្គិសនីជិត ២០០លានដុល្លារអាមេរិក ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី និងការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការកើនឡើងជាបន្តបន្ទាប់។

នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនីបានជិត ៨០ភាគរយ ខណៈថាមពលអគ្គិសនីតែ ២០ភាគរយប៉ុណ្ណោះទិញពីប្រទេសឡាវ វៀតណាម និងថៃ។ បច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣៤៦៤ មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ហើយតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ មានន័យថា កម្ពុជាមានសមត្ថភាពផលិតថាមពល បានច្រើនលើសពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner