មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធរយៈពេល ៣ថ្ងៃនាទីរួមខេត្តក្រចេះ

(ខេត្តក្រចេះ)៖ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើម ប្រារព្ធ ពិធីបើករបស់ខ្លួននៅសាលមហោស្រពខេត្តក្រចេះ រយ:ពេលបី ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការ រៀបចំកម្មវិធីពិសេសៗជាច្រើនតំបន់ក្នុងខេត្តក្រចេះ ។

គួរបញ្ជាក់ថា ពិធីបុណ្យមួយនេះគេឃើញ មានការចូលរួម និង គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រសួងបរិស្ថាន អភិបាលរងខេត្ត យូនីសេហ្វ(Unicef) កម្ពុអ៊ែរ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធមដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ «បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែ រៀបចំនៅរាជធានីភ្នំពេញ។

រយ:ពេល១០ឆ្នាំនៃការផ្សព្ធផ្សាយនូវវប្បធម៌ ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះគឺតែងតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដូច្នេះហើយបុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានី នៃព្រះរាជាណាចក្រកម្ពុជា ដោយជំហានដំបូងនេះ បុណ្យភូមិមានជើង បានធ្វើដំណើរមកកាន់ខេត្តក្រចេះ ដែលជាខេត្តដំបូង នៃការរៀបចំកម្មវិធីរបស់ខ្លួន។

កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និង ជាអ្នកដឹកនាំការរៀបចំកម្មវិធី បុណ្យភូមិមានជើង បានអោយដឹងពីមូលហេតុនៃការបោះជំហាននៅតាមបណ្តាខេត្តថា «យើងចង់ចូលរួមផ្សព្ធផ្សាយពីតំបន់ដែលមានធម្មជាតិស្រស់ស្អាត និង សំបូរទៅដោយវប្បធម៌ ដល់ប្រជាជនកម្ពុជាដែលគាត់មិនដែលបានចាប់អារម្មណ៍។ ជាក់ស្តែងដូចជាខេត្តក្រចេះ ដែលជាខេត្តមួយដែលមានសត្វផ្សោតទឹកសាប ដែលចាត់ទុកថា ជាសត្វកម្រមួយ ហើយមានតែនៅក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា»។

កញ្ញាបានបន្តទៀតថា ៖ «ខេត្តក្រចេះគឺជាខេត្តដែលជាប់នៅតាមបណ្តោយទន្លេមេគង្គ ដូច្នេះប្រជាជនដែលរស់នៅតាមប្រាស្រ័យទឹកទន្លេសុទ្ធតែមានវប្បធម៌ និង ប្រពៃណី នៃការរស់នៅដ៏គួរចាប់អារម្មណ៍ ដូច្នេះយើងពិតជាចង់អោយប្រជាជនកម្ពុជាដាក់ខេត្តក្រចេះនៅក្នុងបេះដូងថា ជាតំបន់មួយដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងដួងចិត្តរបស់ពួកគេ»។

កម្មវិធីបុណ្យភូមិមានជើងក៏ទទួលបានកិច្ចសហការពីយូនីសេហ្វក្នុងគោលបំណងរួមគ្នាដើម្បីអបអរសាទរទិវាកុមារពិភពលោក។ ជាផ្នែកមួយនៃការចូលរួមអបអរទិវាកុមារពិភពលោក បុណ្យភូមិមានជើងបានរៀបចំការហ្វឹកហាត់ដល់ ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ដោយបានអញ្ជើញវាគ្មិនកិត្តិយសជាច្រើន មកផ្តល់ចំណេះដឹង និងបទពិសោធ ក្រោមប្រធានបទផ្សេងៗដែលទាក់ទងនឹងអាជីវកម្ម ការធ្វើការងារជាក្រុម ការរកខ្លួនឯងមុនរកអាហារូបករណ៍។

គួរបញ្ជាក់ថា «បុណ្យភូមិមានជើង» នៅខេត្តក្រចេះនេះនឹងធ្វើឡើងរយ:ពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ដោយមានការរៀបចំកម្មវិធីពិសេសៗជាច្រើនទៅតាមតំបន់សំខាន់នានានៅក្នុងខេត្តក្រចេះដូចជា
១/ អន្លង់ផ្សោតកាំពី៖ ដែលបុណ្យភូមិមានជើងជ្រើសរើសអន្លង់ផ្សោតព្រោះយើងមានគោលបំណងក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ល្អឯកមានតែមួយគត់នេះឲ្យបានទូលំទូលាយពីការពន្យល់បង្ហាញការថែរក្សាអភិរក្សនូវសម្បត្តិធម្មជាតិមួយនេះដោយមានការចូលរួមធ្វើបទបង្ហាញពី ឡេឡផ្សោត (ក្រុមទេសចរណ៍)។
២/ សាលមហោស្រពខេត្តក្រចេះ៖
ដោយបានដាក់ទីតាំងនេះដើម្បីរៀបចំកម្មវិធីប្រកួតសមត្ថភាពរបស់សិស្សានុសិស្សដែលមានការចូលរួមពីបណ្ដា៣វិទ្យាល័យផ្សេងៗគ្នាដើម្បីប្រកួតប្រជែងគ្នានិងជាការគាំទ្រស្នាដៃទេពកោសល្យរបស់ពួកគេនិងជាការជម្រុញទឺកចិត្តពួកគេក្នុងការចាប់យកក្ដីស្រមៃបន្តទៀត។
៣/ វត្តរកាកណ្ដាលចាស់៖
ជាទីតាំងមួយដែលបានកំណត់ដើម្បីមកបើកបង្ហាញការសម្ដែងសិល្បៈបែបប្រពៃណី ការទស្សនាផ្សាយចំណេះដឹងផ្នែកសិល្បៈដោយនៅទីនោះ មានផ្ទះសិល្បៈផងដែរ។ លើសពីនេះទៅទៀតគឺជាការបង្ហាញស្មារតីសាមគ្គីភាពរួមគ្នាដោយមានការមើលល្ខោនស្បែកធំ រាំកម្សាន្ដ និង លេងល្បែងប្រជាប្រិយ៕

អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ,រូបភាព៖ លោក គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner