វេទិកាកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ខេត្ត រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមសុីវិលនៅខេត្តរតនគិរី
(រតនគិរី)៖ វេទិកានេះត្រូវបានអង្គការមិនមែនរដ្ឋាភិបាលនិងរដ្ឋបាលខេត្តរតនគិរីសហការណ៍គ្នារៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣នាសាលប្រជុំអគារ D សាលាខេត្តក្រោមអធិតីភាព ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្ត និងលោក លាង ប៊ុនលាភ ប្រធានបណ្តាញអង្គការមិនមែនរដ្ឋាភិបាល។

កិច្ចសន្ទនាមានគោលបំណងចំនួន៦គឺ៖
១-លើកកម្ពស់នូវវិធីសាស្ត្រចូលរួមក្នុងការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអភិវឌ្ឍន៍ ការពិភាក្សា អំពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋនៅមូលដ្ឋាន និងតួអង្គពាក់ព័ន្ធជួបប្រទះ និងកំណត់នូវវិធានការណ៍ដោះស្រាយបញ្ហាប្រឈមនានា។
២-ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិបន្ថែមទៀតដើម្បីដោះស្រាយនូវ វិសមភាពនៃការអភិវឌ្ឍន៍មូលដ្ឋាន និង ធានាឱ្យមានកិច្ចអន្តរាគមន៍អភិវឌ្ឍន៍រួមគ្នាក្នុង
ចំណោម តួអង្គទាំងអស់។
៣- លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ សំដៅ បម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លើកកម្ពស់ជីវភាពរស់នៅ និងការលើកកម្ពស់ ទំនុកចិត្តសាធារណៈ។
៥-បង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការចែករំលែកព័ត៌មានក្នុងចំណោម តួអង្គអភិវឌ្ឍន៍ទាំងអស់ដែលគាំទ្រ ឬអនុវត្តសកម្មភាពរបស់ពួកគេនៅថ្នាក់ក្រោមជាតិ។
៦-ដើម្បីបំពេញបន្ថែមយន្តការភាពជាដៃគូផ្សេងទៀត រួមទាំងវេទិកាពិគ្រោះយោបល់ដែលមានស្រាប់នៅថ្នាក់ក្រោមជាតិ ក្រុមការងារបច្ចេកទេសនិងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ។

លោក លាង ប៊ុនលាភ ប្រធានបណ្តាញអង្គការមិនមែនរដ្ឋាភិបាលបានលើឡើងថាបណ្ដាញ អង្គការមិនមែនរដ្ឋាភិបាលខេត្តរតនគិរី និងអាជ្ញាធរខេត្ត បានសហការណ៍គ្នាក្នុងការរៀបចំវេទិកាកិច្ចសន្ទនា ភាពជាដៃគូថ្នាក់ក្រោមជាតិនេះឡើងក្នុងគោលបំណងដើម្បីកសាងកិច្ចសហប្រតិបត្តិការល្អ រវាងអង្គការ សង្គមស៊ីវិលជាមួយអាជ្ញាធរ ខេត្ត និងបង្កើតសកម្មភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធ នឹងការចូលរួមអភិវឌ្ឍខេត្តរតនគិរីលើគ្រប់វិស័យ។ វេទិកាកិច្ចសន្ទនាភាពជាដៃគូថ្នាក់ក្រោមជាតិ ដែលបាន រៀបចំឡើងនាពេលនេះ គឺត្រូវបានគាំទ្រដោយគម្រោងស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋដែលផ្តល់មូលនិធិ ដោយគម្រោង UNDP តាមរយៈ JICA ។

ថ្លែងបើកកិច្ចសន្ទនាការកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ខេត្ត រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមសុីវិលនៅខេត្តរតនគិរីនាពេលនេះ ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី
បានអំពាវនាវដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ត្រូវបន្តការសម្របសម្រួល និង បង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណជាមួយក្រសួងការបរទេស និង សហ
ប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាព ដោយសេរី និងគ្មានភាពរឹតត្បិត ដែលស្របតាម
ច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល និង គោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។អាជ្ញាធរខេត្ត ត្រូវបន្តរៀបចំវេទិកាស្ដីពីកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ក្រោមជាតិ ជាមួយអង្គការ សង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងកិច្ចសហការណ៍ និងកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការសង្គមស៊ីវិល។

សមាគម និង អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និង សមាគម និង អង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និង សហ ប្រតិបត្តិការណ៍អន្តរជាតិ ត្រូវបន្តអនុវត្តន៍សកម្មភាពរបស់ខ្លួនអោយបានត្រឹម
ត្រូវស្របតាមបញ្ញត្តិនៃច្បាប់ ស្ដីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពី នេះ សូមចៀសវាងជាដាច់ខាតននូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬ គាំទ្រការលាង សម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានអាវុធប្រល័យលោក ដើម្បីចៀសផុតពីការធ្វើអោយកម្ពុជាធ្លាក់ចូលក្នុងបញ្ជីរប្រផេះ និង ទទួលបច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និង នយោបាយជាដើម៕
ដោយ គតិ យុត្ត
