នាយករដ្ឋមន្រ្តីជប៉ុនថា អ្នកជំនាញនឹងជជែកជាមួយចិន ជុំវិញជម្លោះអាហារសមុទ្រ
តូក្យូ៖ មេដឹកនាំជប៉ុន នៅថ្ងៃសុក្រសប្តាហ៍នេះ និយាយថា ចិនបានយល់ព្រមលើការពិភាក្សាក្នុងកម្រិតអ្នកជំនាញ ក្នុងគោលបំណងដោះស្រាយការហាមឃាត់របស់ចិន លើអាហារសមុទ្រទាំងអស់របស់ជប៉ុន បន្ទាប់ពីការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្ម ដែលចម្រោះរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថ្លែងថា លោកបានពិភាក្សាអំពីជម្លោះទឹកសំណល់វិទ្យុសកម្ម ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលដែលពួកលោកបានជួបគ្នា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
លោក គីស៊ីដា បន្តថា លោក និងលោក ស៊ី បានយល់ព្រមស្វែងរកដំណោះស្រាយ តាមរយៈការពិគ្រោះយោបល់ និងការសន្ទនា ដោយផ្អែកលើអាកប្បកិរិយាស្ថាបនា។ លោក គីស៊ីដា បានប្រាប់សន្និសីទសារព័ត៌មានមួយថា នៅថ្ងៃខាងមុខ ការពិភាក្សានឹងប្រព្រឹត្តទៅដោយផ្អែកលើវិទ្យាសាស្ត្រនៅកម្រិតអ្នកជំនាញ។
គួរបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុនទាំងអស់ នៅក្នុងខែសីហាកន្លងមកនេះ បន្ទាប់ពីជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្ម ដែលបានចម្រោះរួច ចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដែលរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


