ក្រសួងធនធានទឹកប្រកាស​ឱ្យ​ពលរដ្ឋ​​​ នៅ​តំបន់​ខ្ពង់​រាប ​ប្រុង​ប្រយ័ត្នពីសុខភាព​​ ពីធាតុអាកាស​​ចុះ​ត្រជាក់ និង​តំបន់​មាត់​សមុទ្រនឹង​មាន​ខ្យល់​បោក​បក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួង​ធន​ធាន​ទឹក និងឧតុនិយមបាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន ដោយ​សារ​កម្ពុជា ទទួល​រង​ខ្យល់​មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង ដែល​ធ្វើ​ឱ្យ​តំបន់​ខ្ពង់​រាបបន្ត​ចុះ​ត្រជាក់ ខណៈ​តំបន់​មាត់​​សមុទ្រ នឹង​មាន​​ខ្យល់​បក់​បោក​លើ​ផ្ទៃ​សមុទ្រ និង​រលក​សមុទ្រ ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ​។

បើ​តាម​ការ​ព្យាករ​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយមចេញផ្សាយនៅថ្ងៃទី​១៩​ ខែវិច្ឆិកា​​ ​ថា ចាប់​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​តំបន់​ខ្ពង់​រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៩​-២​២​អង្សាសេ​ និង​សីតុណ្ហភាព​អតិបរមា​ពី ២៧​-​២៩​អង្សាសេ ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន ក្នុង​ល្បឿន​ពី ៧​-៩​​ម៉ែត្រ​/​វិនាទី​។

ប្រភពដដែលបន្តថា ​ចំពោះ​តំបន់​មាត់​សមុទ្រ នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤​-​២៦​អង្សាសេ និងសី​តុណ្ហភាព​អតិបរមា​ពី​ ២៨​-​៣០​អង្សាសេ ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន​ក្នុង​ល្បឿន​ពី ​៤​-​៦​ម៉ែត្រ​/​វិនាទី​។ ​ចំណែក ​តំបន់​វាល​ទំនាប នឹង​មា​ន​សីតុណ្ហភាព​អប្បបរមាពី ២២-​​២៤​អង្សាសេ និង​សីតុណ្ហភាព​អតិបរមា​ពី ២៨​-​៣១​អង្សាសេ ហើយ​ខ្យល់​បក់​មក​ពី​ទិស​ឦសាន ក្នុង​ល្បឿន​ពី​ ៣​-​៥​ម៉ែត្រ​/​វិនាទី​។

ក្រសួង​ធន​ធាន​ទឹក​បញ្ជាក់​ថា ៖​ «​នៅ​តំបន់​ខ្ពង់​រាប​រួម​មាន ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ធាតុ​អាកាស​បន្ត​ត្រជាក់​នៅ​ពេល​ព្រឹក ជា​មួយ​នឹង​សីតុណ្ហភាព​អប្បបរមា ១៩​-២​០អង្សាសេ​។ ចំណែក​តំបន់​មាត់​សមុទ្រ នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់​បោក និង​រលក​សមុទ្រ​មាន​កម្ពស់​ពី​ ១,០០​-១,៥​០​ម៉ែត្រ​»​៕

ដោយ៖ជា សុខនី

ads banner