រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ការរៀបចំពិធីអុំទូករបស់ខេត្តតាកែវ គឺជាការ ចូលរួមចំណែក ក្នុងការថែរក្សា ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់ របស់ជាតិ
(តាកែវ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ការរៀបចំពិធីអុំទូករបស់ខេត្តតាកែវ គឺជាការចូលរួមចំណែក ក្នុងការថែរក្សា ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងក៏ជាការត្រៀមខ្លួនសម្រាប់កីឡាករទាំងអស់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ នៅរាជធានីភ្នំពេញ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា កម្មវិធីដ៏ឱឡារិក នាថ្ងៃនេះ ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ ស្របពេលដែល ប្រទេសកម្ពុជា កំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ ពេញលេញ ក្រោមការដឹកនាំ របស់ស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែទទួលបាន ការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី ធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រណាំងទូក អបអរ សាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរមនីយដ្ឋានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អនុគណៈកម្មការរៀបចំកិច្ចការប្រណាំងទូក និងប្រជាពលរដ្ឋជាច្រើនរូប។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ បញ្ជាក់ថា អត្ថន័យសំខាន់ នៃពិធីបុណ្យអុំទូក ថ្ងៃនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សា វប្បធម៌ ប្រពៃណីជាតិដ៏ល្អ របស់យើង ឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ តរៀងទៅ។ ដូចដែល យើងទាំងអស់គ្នា បាន ដឹងមកហើយ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតា បានបន្សល់ទុក តាំងពីសម័យបុរាណ យូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណី វប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ ជាច្រើនទៀត។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ជា វ៉ាន់ដេត លោកជំទាវ អានី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនិងសប្បុរសជន ទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់ដំណើរការ នៃការរៀបចំពិធីប្រណាំងទូក (ង)របស់ខេត្តតាកែវ ញ៉ាំងឲ្យកម្មវិធី នេះកាន់តែអធឹកអធម្ម និងបានបង្ករលក្ខណះដល់រដ្ឋបាលក្រុង ស្រុក នីមួយៗ មានឱកាសដឹកនាំកីឡាករ ចូលរួមប្រកួតប្រជែងព្រមទាំងបានធ្វើឲ្យដំណើរការនៃកម្មវិធីប្រព្រឹត្តទៅបានដោយ រលូន និងជោគជ័យ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានប្រគល់ពាន់រង្វានជ័យលាភី និងថវិកា ជូនដល់ទូកដែលទទួលបានជ័យលាភីលេខ១ ទទួលបានថវិកា ៤លានរៀល ទូកជ័យលាភីលេខ២ ថវិកា ៣លានរៀល និងទូកជ័យលាភីលេខ៣ ថវិកា ២លានរៀល។ ដោយឡែកចំពោះទូកដែលមិនបានជ័យលាភី ក្នុង១ទូកៗ ថវិកា ១លានរៀល និងកីឡាករចំនួន ២៨៨នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀលផងដែ ៕




អត្ថបទ ង៉ាន់ ទិត្យ រូបភាព វីដេអូ រិន រចនា