ប្រធានសហព័ន្ធសន្តិភាពសកល៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេសបណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់

ភ្នំពេញ៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) បានសម្តែងនូវកោតសរសើរប្រកបដោយក្តីស្ញប់ស្ញែងចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេសបណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។ ការកោតសរសើរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានប្រគល់លិខិតអបអរសាទររបស់លោកស្រីបណ្ឌិត Hak Ja Han Moon ស្ថាបនិកអង្គការ UPF ជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិត Charles Yang ក៏បានធ្វើការកោតសរសើរចំពោះលទ្ធផលនៃដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងាររបស់អង្គការ UPF ដែលបានបំពេញកន្លងមក ពាក់ព័ន្ធនឹងការសម្របសម្រួល និងរក្សាសន្តិភាពសកល និងបានស្នើសុំការគាំទ្រពីសំណាក់ សម្តេចធិបតី ចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការ UPF ផងដែរ។ លើសពីនេះ ក្រោយពីបានទស្សនាវិមានឈ្នះឈ្នះ លោកបណ្ឌិត ក៏បានសម្តែងនូវកោតសរសើរប្រកបដោយក្តីស្ញប់ស្ញែង ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងស្វាគមន៍ចំពោះលោកបណ្ឌិត Charles Yang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត ដោយនេះ គឺជាឱកាសក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UPF។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណអង្គការ UPF ដែលបានបញ្ជូនគណៈប្រតិភូចំនួន១១៥នាក់ មកពី ៣០ប្រទេស មកចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ក៏ដូចជាបានផ្ញើលិខិតអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងចំពោះចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារបស់សម្តេចធិបតី។

ក្នុងជំនួបនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការ UPF ដែលអាចចាត់ទុកថាជាស្ពាននៅក្នុងការសម្របសម្រួលបញ្ហាជម្លោះរវាងរដ្ឋ និងរដ្ឋ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងបានបញ្ជាក់អំពីការចូលរួមចំណែកគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការ UPF ផងដែរ ខណៈដែលកម្ពុជា និងអង្គការ UPF មានគោលដៅរួមតែមួយ គឺការកសាងនូវសន្តិភាព សាមគ្គីភាព និងការរីកចម្រើនរួមរបស់សង្គម។ ជាចុងក្រោយ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអង្គការ UPF ដែលបានជួយឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានបង្ហាញនូវក្តីសង្ឃឹមថា អង្គការ UPF នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកនូវសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែតេលេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner