ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនិងថៃក្រោមបទឈប់បាញ់បណ្តោះអាសន្ន

​ហ្សេរ៉ុយសាឡិម៖ ជនជាតិអ៊ីស្រាអែលចំនួន ១៣ នាក់ និងជនជាតិថៃបួននាក់ត្រូវបានដោះលែងពីការចាប់ឃុំឃាំងរបស់ក្រុមហាម៉ាស់។ ក្រោយការដោះលែង ពួកគេ​បានមកដល់ប្រទេស​អ៊ីស្រាអែលនាថ្ងៃអាទិត្យនេះ និងកំពុង​ជួបជុំគ្នាជា​មួយក្រុ​ម​គ្រួសារ​រៀងៗខ្លួន។​​

ក្នុងការដោះលែងកាលពីល្ងាចថ្ងៃសៅរ៍ ក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំង​ឱ្យគណៈកម្មាធិការ​អន្តរជាតិ​នៃកាក​បាទក្រហម (ICRC) ។បើយោងតាមការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានឱ្យដឹងថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំង ១៣ នាក់ដែលត្រូវ​បានដោះ​លែងមាន ៦ នាក់ជាស្ត្រី និង៧ នាក់ជាកុ​មារ និងក្មេងជំទង់។​

​យោងងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ចំណាប់ខ្មាំងដែ​លត្រូវបានដោះលែងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលពួកគេជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ»។​

ជាថ្នូរនឹងចំណាប់ខ្មាំងអ៊ីស្រាអែលទាំង១៣នាក់នេះ ជនស៊ីវិលប៉ាឡេស្ទីន ៣៩នាក់ រួមទាំងអនីតិជន ៣៣ នាក់ ក៏នឹងត្រូវដោះលែងពីពន្ធនាគារអ៊ីស្រាអែល។ ទូរទស្សន៍ Al Jazeera បានថតវីដេអូផ្ទាល់​នូវសកម្មភាពដែលរថយន្ដកាកបាទក្រហម បានដឹកអ្នកទោសប៉ាឡេស្ទីនចេញពី​ពន្ធនាគារអ៊ីស្រា​អែល​​តាម​ផ្លូវទៅកាន់ទីក្រុង Beitunia ក្នុងតំបន់ West Bank។​

បើទោះបីជាបទឈប់បាញ់ធ្វើឡើងក្នុងលក្ខណៈបណ្ដោះអាសន្នក្ដី ប៉ុន្តែចំណាប់ខ្មាំង​អ៊ីស្រាអែល​សរុបចំនួន ៥០ នាក់គ្រោងនឹងដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់ក្នុង​រយៈ​​ពេល៤ថ្ងៃ។​

មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ក្រុមហាម៉ាស់នឹងបន្តបទឈប់បាញ់រយៈពេលបួនថ្ងៃដែលបាន​ព្រមព្រៀងជាមួយអ៊ីស្រា​អែល ដែលនេះជាការផ្អាកឈប់បាញ់ដំបូងបំផុតក្នុងការប្រយុទ្ធ​បើរាប់ចាប់តាំងពីក្រុមយុទ្ធ​ជនហាម៉ាស់បានវាយលុ​កឆ្លងកាត់អ៊ីស្រាអែល តាម​ភាគខាងត្បូង​កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១២០០ នាក់ និងចា​ប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់មក។​

ជាការឆ្លើយតបនឹងការវាយប្រហារនាពេលនោះ អ៊ីស្រាអែលបានដាក់ចេញសកម្មភាពនានា សំដៅកម្ទេចក្រុម​សកម្មប្រ​យុទ្ធ​ហាម៉ាសដែលរត់ការនៅតំបន់ហ្គាហ្សាតាមរយៈការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោង។ បើតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា រហូតមកដល់​ពេល​នេះ មនុស្ស​ប្រហែល ១៤ ៨០០ នាក់ ប្រហែល ៤០% នៃពួកគេជាកុមារត្រូវបានសម្លាប់។​

សូម​បញ្ជាក់ថា បទ​ឈប់​បាញ់​រយៈពេល​បួនថ្ងៃ​ រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស់​នៅ​ហ្គាហ្សា​ បាន​ចូល​ជា​ធរមាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ដែលនេះជាដំណាក់កាលសម្រាប់ដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជា​លើក​ដំបូង ជាមួយ​នឹង​អ្នកទោសប៉ាឡេស្ទីន៕​​

ដោយ៖កែវ បុស្បា

ប្រភព៖ ​Hamas releases Israeli, Thai hostages under temporary truce​

https://www.reuters.com/world/middle-east/hamas-releases-israeli-thai-hostages-under-temporary-truce-2023-11-26/

ads banner