តុលាការឃុំខ្លួននាយទាហានដែលប្រើហិង្សាដាក់លើសន្តិសុខបុរី (Video Inside)

តុលាការសម្រេចឃុំខ្លួននាយទាហានម្នាក់ ដែលយកពិលគប់ក្បាលប្រធានសន្តិសុខបុរីម្នាក់ និងបង្ខំឱ្យបុរសដែលរងការហូរឈាមដោយសារត្រូវមួយពិលនោះ សងថ្លៃពិលដែលខូចខាតជាបន្ថែមទៀត។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី២៩វិច្ឆិកានេះថា នាយទាហានឈ្មោះ ហ៊ូ សុធា អាយុ ៥២ឆ្នាំ ត្រូវបានគេសម្រេចឃុំខ្លួន រង់ចាំការកាត់ទោស ពីបទចោទប្រកាន់ហិង្សាដោយមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើនាយទាហានប្រើហិង្សានោះ គឺជាមន្ត្រីយោធាស្ថិតនៅក្នុងអង្គភាពណាមួយឡើយ។

អំពើហិង្សានេះបានកើតឡើងវេលាយប់អាធ្រាត្រថ្ងៃទី២៤វិច្ឆិកា នៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ស្ថិតនៅភូមិត្រពាំងថ្លឹង៤, សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ប្រធានសន្តិសុខដែលត្រូវគេគប់នឹងពិលហូរឈាមនោះ ឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ។

យោងតាមការបំភ្លឺ, ឈ្មោះ ហ៊ូ សុធា នៅក្នុងហេតុការណ៍នោះ បានបានបើករថយន្ត TOYOTA TUNDRA មួយគ្រឿងមកដល់ចំណុចច្រកចួលបុរី ហើយស្រាប់តែបានបើកបុករបាំងចូលទៅខាងក្នុងបរិវេណបុរី។

សន្តិសុខយាមច្រកទ្វារបានរាយការណ៍តាមអាយកូម ប្រាប់ប្រធានសន្តិសុខបុរី ដែលបានជិះម៉ូតូមកដល់កន្លែងកើតហេតុស្របពេលដែលឈ្មោះ ហ៊ូ សុធា នោះ បានបើករថយន្តចេញពីបុរីមកវិញ។

សេចក្តីរាយការណ៍បានបន្តថា នាយទាហានឈ្មោះ ហ៊ូ សុធា នោះ ជាមួយការស្រែកគំរាមបាញ់ប្រធានសន្តិសុខនោះ បានចុះពីលើរថយន្តកាន់ពិលដែក ពណ៌ខ្មៅ និងបានគប់ពិលនោះ ចំលើផ្ទៃមុខនៃចុងចិញ្ចើមខាងឆ្វេង បណ្តាលឲ្យរបួសបែកចេញឈាម។

នាយទាហាននោះ ត្រូវបានគេឃាត់ខ្លួន និងប្រគល់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ និងត្រូវបានគេបន្តអនុវត្តនីតិវិធី បញ្ជូនមកតុលាការ ដើម្បីធ្វើការចោទប្រកាន់ និងដាក់ទោសតាមច្បាប់។

ads banner