ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅសប្ដាហ៍នេះ (Video Inside)

ភ្លៀងនឹងធ្លាក់ក្នុងកម្រិតខ្សោយ នៅក្នុងសប្ដាហ៍នេះ ប៉ុន្ដែមិនរាយប៉ាយទូទាំងប្រទេសនោះទេ។ យោងតាមការព្យាករណ៍, ចំពោះមូលហេតុដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជាបានទទួលរងប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ដែលមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់វាលទំនាប គឺសីតុណ្ហភាពអប្បបរមាមាន រវាងពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី ៣២ ទៅ ៣៤អង្សាសេ.. ហើយនឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ៣ ទៅ ៥ម៉ែត្រក្នុងមួយវិនាទី។ យោងតាមការព្យាករណ៍នៅតំបន់វាលទំនាបនេះ នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយនៅក្នុងខេត្តតាកែវ, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០ ទៅ ៣០ភាគរយ។

ចំណែកនៅតំបន់ខ្ពង់រាប, សីតុណ្ហភាពអប្បបរមា មានរវាងពី ២២ ទៅ ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី ៣១ ទៅ ៣៣អង្សាសេ.. ហើយនឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ៤ ទៅ ៦ម៉ែត្រ ក្នុងមួយវិនាទី។ មិនមានសេចក្ដីរាយការណ៍ អំពីការធ្លាក់ភ្លៀងនៅក្នុងតំបន់ខ្ពង់រាបនេះឡើយ។

ចំណែកនៅតំបន់មាត់សមុទ្ទវិញ សីតុណ្ហភាពអប្បបរមាមាន រវាងពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានរវាងពី ៣០ ទៅ ៣២អង្សាសេ.. ហើយនឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ៣ ទៅ ៥ម៉ែត្រក្នុងមួយវិនាទី។ យោងតាមការព្យាករណ៍ដដែលបញ្ជាក់ថា នៅខេត្តកំពត និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៤០ ទៅ ៦០ភាគរយ។ នៅតំបន់មាត់សមុទ្ទនេះដែរ រលកសមុទ្ទនឹងមានកម្ពស់ពីកន្លះម៉ែត្រទៅ ១ម៉ែត្រផងដែរ។

ads banner