កម្ពុជាត្រៀមរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» (Video Inside)
កម្ពុជាត្រៀមនឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» ដែលកំណត់ការធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូ។ ពិធី«រំលឹកគុណអង្គរ» ដែលនឹងធ្វើនៅក្នុងរមណីយដ្ឋានអង្គរ រវាងពីថ្ងៃទី៧ ដល់១៦ធ្នូ គឺដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក។ រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី នៃសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ពិធី «រំលឹកគុណអង្គរ» នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ មន្ត្រីកម្ពុជាបានថ្លែងថា ពិធីនេះ គឺជាការបង្ហាញបូវសក្តានុពលទេសចរណ៍ របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»។
ពិធី «រំលឹកគុណអង្គរ» នេះទៀត ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រខ្មែរ គ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។