កម្ពុជាឈ្នះមេដាយ ២០គ្រឿង ឈរលំដាប់លេខ៣ ក្នុងការប្រកួតជើងឯកពិភពលោកវ៉ូវីណាម លើកទី៧ ចូលរួមចំនួន៣៥ប្រទេស (Video Inside)
ក្រុមកីឡាវ៉ូវីណាមកម្ពុជា បានបញ្ចប់ការប្រកួតជើងឯកពិភពលោក លើកទី៧ ដោយដណ្ដើមបានមេដាយសរុប ២០គ្រឿង។
ការប្រកួតកីឡាជើងឯកវ៉ូវីណាមពិភពលោក ប្រព្រឹត្តទៅក្នុងក្រុងហូជីមិញ នៃប្រទេសវៀតណាម បានចាប់ផ្តើមតាំងពីថ្ងៃទី២២វិច្ឆិកា ចូលរួមពីប្រទេស និងដែនដីចំនួន៣៥ ក្នុងពិភពលោក ។
ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានថ្លែងថាក្នុងរយៈពេលប្រកួតទាំង ៨ថ្ងៃនេះ, កម្ពុជាដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៩គ្រឿង។
លទ្ធផលនេះ បានធ្វើឲ្យកម្ពុជាឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដែលឈរលេខ១ និងប្រទេសអាល់ហ្សេរី ឈរលំដាប់លេខ២។
ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួន ២៧នាក់ និងចូលរួមប្រកួតលើ ២៥វិញ្ញាសាប៉ុណ្ណោះ ដែលតិចជាងវិញ្ញាសាជាងការប្រកួតលើកទី៦ នៅកម្ពុជា កាលពីឆ្នាំ២០១៩។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបេសកកម្មលើកនេះ សហព័ន្ធបានផ្ដល់ឱកាសដល់កីឡាករវ័យក្មេងមួយចំនួន ដែលនេះគឺជាជោគជ័យ និងជំហានថ្មីមួយទៀត សម្រាប់កីឡាវ៉ូវីណាមកម្ពុជា រក្សាបាននូវសក្ដានុពលលើឆាកអន្ដរជាតិ៕