ចំណូលបានមកពីលក់សំបុត្រទស្សនាអង្គរកើនឡើង២៦១ដង (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជារកចំណូលបាន ៣២លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៣។ របាយការណ៍គ្រឹះស្ថានអង្គរ បានសរសេរថាចំណូលនេះ គឺបានកើនជាង ២៦១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២កន្លងទៅ។
របាយការណ៍ដដែលបានសរសេរថា ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ភ្ញៀវទេសចរអន្ដរជាតិ ដែលបានទិញសំបុត្រចូលទស្សនាអង្គរ មានចំនួនជិត ៦៩ម៉ឺន ៩ពាន់ ៩៩៦នាក់។ ប្រាក់ចំណូល បានមកពីការលក់សំបុត្រនេះ មានជាង ៣២លាន ៥៤ម៉ឺន ៦ពាន់ ៨៤៧ដុល្លារ។
របាយការណ៍ដដែលបានបង្ហាញថាក្នុងមួយខែវិច្ឆិកានេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ៩ម៉ឺន ៧ពាន់ ៤២៦នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ ជាមួយនឹងការរកចំណូលបាន ៤លាន ៦៦ម៉ឺន ៤ពាន់ ៤១២ដុល្លារ។
យោងតាមគ្រឹះស្ថានអង្គរ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃមានតម្លៃ ៧២ដុល្លារ។