ប្រទេសអ៊ីស្លង់ ផ្អាកការនេសាទត្រីបាឡែនលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ
សារព័ត៌មាន Dailymail បានចេញផ្សាយ កាលពីម្សិលមិញថា ក្រុមអ្នកនេសាទក្នុងប្រទេសអ៊ីស្លង់ នឹងមិនធ្វើការនេសាទត្រីបាឡែនទេនារដូវក្ដៅឆ្នាំនេះ ដែលជាលើកដំបូងបង្អស់មិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំ។
ប្រភពថា ក្រុមហ៊ុននេសាទដែលទទួលបានសិទ្ធិក្នុងប្រទេសអ៊ីស្លង់ ឲ្យដឹងថាខ្លួននឹងមិនចេញនេសាទត្រីបាឡែនទេនៅឆ្នាំនេះ ដោយសារតម្រូវការធ្លាក់ចុះខ្លាំងជាពិសេសក្នុងប្រទេសជប៉ុន។ ដោយឡែកពួកគេ នឹងធ្វើការនាំចូលសាច់ត្រីនេះក្នុងបរិមាណតិចតួចប៉ុណ្ណោះពីប្រទេសន័រវេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
នាយកគ្រប់គ្រងក្រុមហ៊ុននេសាទបានបញ្ជាក់ថា ដោយសារតម្រូវការធ្លាក់ចុះក្នុងទីផ្សារប្រទេសជប៉ុន ធ្វើឲ្យពិបាកលក់ត្រីបាឡែន ដូច្នេះមិនចាំបាច់ចេញទៅនេសាទពួកវាទេ ហើយយើងនឹងងាកទៅរកនេសាទកាំប្រម៉ាសមុទ្រជំនួសវិញ។ គួរឲ្យដឹងថា ការធ្លាក់ចុះតម្រូវការពីប្រទេសជប៉ុននេះ គឺដោយសារតែពួកគេចាប់ផ្ដើមនេសាទត្រីបាឡែនដោយខ្លួនឯងឡើងវិញ ក្រោយផ្អាកដំណើរការអស់រយៈពេលជាង៣១ឆ្នាំ៕ធ.ដ