ប្រមុខការទូតសហរដ្ឋអាមេ៉រិកគ្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេ៉រិកឡាទីននាចុងសប្ដាហ៍នេះ
សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់តំបន់អាមេ៉រិកឡាទីន ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំនានានៅទីនោះ ខណៈមានការចរចាតឹងតែងជាមួយម៉ិចស៊ី និងបណ្ដាប្រទេសផ្សេងទៀតនៅទ្វីបអាមេ៉រិកកណ្ដាល ពាក់ព័ន្ធនឹងការស្វែងរកវិធីបញ្ឈប់លំហូររបស់ជនចំណាកស្រុកអាមេ៉រិកឡាទីន ដែលធ្វើដំណើរសំដៅទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេ៉រិក ។
នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេ៉រិកអ្នកស្រី ម័រហ្គេន អ៊តតាហ្គាស់ បានលើកឡើងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដានេះ លោករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង ប៊ូណស់ អ៊ែរ៉េស ប្រទេសអាហ្សង់ទីន អេក្វាទ័រ ម៉ិចស៊ីកូ និងអែលសាល់វាឌ័រ ។
ដែលនៅទីនោះ លោក ប៉ុមប៉េអូ នឹងពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនានា ពង្រឹងការប្ដេជ្ញារបស់អាមេ៉រិកចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសគាំទ្រប្រជាពលរដ្ឋគុយបា នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡា ព្រមទំាងគាំទ្រការតស៊ូរបស់ពួកគេ ដើម្បីសេរីភាព ក៏ដូចជាបង្កើនភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់ពលរដ្ឋអាមេ៉រិកាំងផងដែរ ។ បញ្ហាចំណាកស្រុកទំនងជាបញ្ហាដ៏ធំ សម្រាប់ការពិភាក្សារបស់លោក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងទៀតផងដែរ ៕ធ.ដ