តួកគីអះអាងថា សហរដ្ឋអាមេ៉រិកកំពុងបំផ្លាញទំនាក់ទំនងទ្វេភាគី ក្រោយសម្រេចចិត្តដកទីក្រុងអង់ការ៉ាចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បំាង F-35
តួកគី៖ ការសម្រេចចិត្តរបស់អាមេ៉រិក ក្នុងការចាប់ផ្តើមដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង-បំបាំងកាយ F-35 របស់អង្គកាណាតូ គឺជាទង្វើឯកតោភាគី ដែលអាចបំផ្លាញទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នេះបើតាមក្រសួងការបរទេសតួកគឺ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។
ក្រសួងការបរទេសតួកគី តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថាវិធានការបែបឯកតោភាគីនេះ ពុំបានផ្អែកលើស្មារតីសម្ព័ន្ធមិត្ត ឬមូលដ្ឋានស្របច្បាប់នោះទេ ហើយថា វាជារឿងអយុត្តិធម៌ណាស់ ក្នុងការដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំងបំបាំងកាយ F-35 នេះ ។
សូមជម្រាបផងដែរថា គ្រឿងបរិក្ខានៃប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីឈុតដំបូង ត្រូវបានចាប់ផ្តើមបញ្ជូនមកដល់មូលដ្ឋានទ័ព ម៊ូធីត ក្នុងទីក្រុងអង់ការ៉ា ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ។ ប្រការនេះ បានធ្វើឲ្យអាមេ៉រិកសម្រេចចិត្តដកតួកគីចេញកម្មវិធីអភិវឌ្ឍន៍យន្ដហោះ F-35 ជាឯកតោភាគី ហើយថែមទាំងប្រកាសថា ខ្លួននឹងមិនលក់យន្តហោះចម្បាំងនេះទៅឲ្យទីក្រុងអង់ការ៉ាឡើយ ៕ធ.ដ