មនុស្សស្លាប់ និងរបួសសរុបជិត៧០នាក់ ដោយសារគ្រោះអគ្គិភ័យឆាបឆេះក្រុមហ៊ុនផលិតគំនូរជីវចលនៅជប៉ុន

ជប៉ុន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា តួលេចជនរងគ្រោះបាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះស្ទូតឌីយ៉ូមួយកន្លែងរបស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុងក្យូតូ ភាគខាងលិចប្រទេសជប៉ុន បានបន្តកើនឡើងដល់៣៣នាក់ និង៣៦នាក់ផ្សេងទៀតរងរបួស ។

ប្រភពដដែលបានឱ្យដឹងទៀតថា បុរសជាជនសង្ស័យម្នាក់មានអាយុ៤១ឆ្នាំត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន ហើយសាក្សីនៅមានជីវិតមួយចំនួនបានអះអាងថា បុរសរូបនេះបានស្រែកពាក្យថា ស្លាប់ទៅ មុននឹងរូបគេគប់វត្ថុម្យ៉ាងចូលមកក្នុងអគាររបស់ក្រុមហ៊ុនខាងលើ ។

ដោយឡែកបើតាមក្រុមអ្នកពន្លត់អគ្គិភ័យជប៉ុននោះ ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន ក្យូតូ អេននីមេសិន នៅម៉ោងប្រមាណ១០ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានសំឡេងផ្ទុះបានកើតឡើង ។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេយ៉ាងសស្រាក់សស្រាំរហូតដល់អាចពន្លត់ អគ្គីភ័យទាំងស្រុងនាវេលារសៀលថ្ងៃដដែលនោះ ។ ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៅក្នុងគ្រោះអគ្គិភ័យដ៏អាក្រក់នេះផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner