គណបក្សប្រជាជនកម្ពុជា បដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily
គណបក្សប្រជាជនកម្ពុជា បដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ ព័ត៌មាននេះ គឺជាការបំភ្លៃ បំផ្លើស ញុះញ៉ង មានចរិតបំពុលសង្គម មានចេតនាធ្វើឱ្យប៉ះពាល់ កិត្តិនាម កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សមាជិក គណបក្សប្រជាជនកម្ពុជា។ សារព័ត៌មាន The Cambodia Daily ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងមានការទទួលខុសត្រូវចំពោះការចុះផ្សាយព័ត៌មានពិត ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នខ្លួននិងសង្គម។
គណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនសាធារណជនថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសប្រចាំឆ្នាំរបស់គណបក្ស នឹងរៀបចំនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ក្រោយពីទទួលបានជោគជ័យនិងការគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ពីប្រជាជន ដែលនេះសរបញ្ជាក់អំពីការឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងមិនអាចបំបែកបំបាក់បាន។ ក្នុងនាមគណបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ និងក្រោមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា ផ្ដោតសំខាន់លើការកសាងធនធានមនុស្សប្រកបដោយគុណភាព និងមានឆន្ទៈខ្ពស់ដើម្បីបម្រើជាតិនិងប្រជាជន។
ហេតុដូច្នេះ ការជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្អែកទៅលើសមត្ថភាព បទពិសោធន៍ គុណវុឡិ និងចរិយាធម៌ ដែលមានគុណតម្លៃឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សសម្រាប់ការដឹកនាំបក្ស និងរដ្ឋ ដើម្បីការពារសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេស ការការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃគណបក្សប្រជាជនកម្ពុជា បានតស៊ូ លះបង់ ការពារ និងកសាងសង្គមជាតិមាតុភូមិកម្ពុជា ឱ្យមានការអភិវឌ្ឍនិងមានកិត្តិនាមនៅក្នុងឆាកជាតិនិងអន្តរជាតិមកទល់បច្ចុប្បន្ន៕
