អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ

ភ្នំពេញ៖ អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជា សម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្នុងការប្រែខ្លួនពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម មកកាន់ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ។ សមិទ្ធផលដែលសម្រេចបានដោយកម្រនេះ មិនអាចកើតមានឡើងដោយគ្មានវត្តមាននៃសន្តិភាព។ ការកត់សម្គាល់នេះ នៅក្នុងាឋកថាស្តីពី «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ដែលបានធ្វើបទឧទ្ទេសនាមដោយលោក George Yeo អតីតរដ្ឋមន្រ្តីការបរទេសសិង្ហបុរី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។

ជាមួយគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សុខចិន្តា សោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំបាឋកថា ក្រោមប្រធានបទ «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ឧទ្ទេសនាមដោយ ថ្នាក់ដឹកនាំសិង្ហបុរីដ៏ឆ្នើមម្នាក់ គឺ លោក George Yeo។ លោក Yeo គឺជាបញ្ញវន្តកិត្តិយសនៃវិទ្យាស្ថានគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (Lee Kuan Yew School of Public Policy of the National University of Singapore) និងជាស្ថាបនិកនៃវិទ្យាស្ថានប្រកួតប្រជែងអាស៊ី។ លោក Yeo បានកាន់តួនាទីជាន់ខ្ពស់ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ លោកបម្រើការងាររយៈពេល២៣ឆ្នាំ ក្នុងជួររដ្ឋាភិបាលសិង្ហបុរី ក្នុងតួនាទីជារដ្ឋមន្រ្តីព័ត៌មាន និងសិល្បៈ, រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម និងរដ្ឋមន្រ្តីការបរទេស។

នៅចំណុចផ្តើមនៃបាឋកថា អ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរីរូបនេះ បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជា សម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្នុងការប្រែខ្លួនពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម មកកាន់ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ។ សមិទ្ធផលដែលសម្រេចបានដោយកម្រនេះ មិនអាចកើតមានឡើងដោយគ្មានវត្តមាននៃសន្តិភាព។ អតីតរដ្ឋមន្រ្តីការបរទេសសិង្ហបុរីបានបន្តពិភាក្សាអំពីការកើនឡើងនៃឥទ្ធិពលរបស់ចិន។ គាត់ជឿជាក់ថា ការរះឡើងរបស់ចិន នឹងបង្កឱ្យមានការប្រឈមផ្នែកសេដ្ឋកិច្ចដល់បស្ចិមលោក ក៏ប៉ុន្តែវានឹងមិនគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ ជាមួយនឹងការរះឡើងរបស់ចិន ប៉ូលអំណាចនៅក្នុងទ្វីបផ្សេងទៀតៗបាននិងកំពុងកើតឡើង។ ការរះឡើងនៃប៉ូលទាំងនេះ នឹងប្រែក្លាយពិភពលោកទៅជាប្រព័ន្ធពហុប៉ូល ទោះបីជាសហរដ្ឋអាមេរិក និងបស្ចិមលោកព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ។ អាស៊ានត្រូវតែរក្សាជំហររបស់ខ្លួននៅក្នុងរយៈពេលអន្តរកាលដ៏ធំធេងនេះ។

នៅក្នុងបរិបទនេះ អតីតរដ្ឋមន្រ្តី Yeo បានគូសបញ្ជាក់ថា អាស៊ានត្រូវតែសម្រប និងផ្លាស់ប្តូរទៅនឹងសម្ពាធដែលមានការផ្លាស់ប្តូរពីគ្រប់ទិស។ ទោះជាយ៉ាងណាក៏ដោយ អតីតរដ្ឋមន្រ្តី Yeo បានបញ្ជាក់ថាវាជាការណ៍មួយចាំបាច់ដែលអាស៊ានមិនត្រូវជ្រើសខាងណាមួយនៃការប្រកួតប្រជែងរបស់មហាអំណាច។ បន្ថែមពីលើនេះទៀត អាស៊ានត្រូវតែរក្សានូវសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន។ អង្គការតំបន់មួយនេះ ត្រូវរក្សា «មាគ៌ាអាស៊ាន» ក្នុងការដោះស្រាយបញ្ហានានា។ អតីតរដ្ឋមន្រ្តីរូបនេះ បានផ្តល់យោបល់ថា វានឹងមានភាពអវិជ្ជមានដល់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសនេះដាក់សម្ពាធលើប្រទេសសមាជិកអាស៊ានក្នុងការជ្រើសខាងណាមួយ។ ប្រសិនបើសហរដ្ឋអាមេរិកពុំដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសទាំងនេះនឹងស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងតំបន់។

បាឋកថានេះ មានអ្នកចូលរួមប្រមាណ២០០នាក់ មកពីក្រសួង-ស្ថាប័ន បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា សាកលវិទ្យាល័យនានា ធនាគារខួរក្បាល និងទីភ្នាក់ងារសារព័ត៌មាន។ អ្នកចូលរួមមួយចំនួន បានលើកជាសំណួរប្រកបដោយការគិតគូរពិចារណា ដែលលោក Yeo បានឆ្លើយតបដោយមានការរួមបញ្ជូលនូវឧទាហរណ៍ពីព្រឹត្តិការណ៍ដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ន ប្រវត្តិសាស្រ្ត និងអារ្យធម៌ពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner