មេដឹកនាំគណបក្សនយោបាយលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំលើកដំបូងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាក់ថា កិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ សំខាន់បំផុត គឺនយោបាយរួបរួមដើម្បីការពារសន្តិភាពឱ្យបានរឹងមាំ និងប្រឆាំងរាល់ទង្វើលាបពណ៌ដាក់គ្នា និងប្រឆាំងរាល់ការបង្កើតចលនាផ្សេងៗសម្រាប់បំផ្លាញប្រទេសជាតិ។
ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឱ្យដឹងថា កិច្ចប្រជុំដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បង្ហាញឱ្យឃើញពីស្មារតីខ្មែរគ្រប់និន្នាការដែលបានរួមមិត្ត រួមគំនិត រួមធ្វើដើម្បីតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ ពេលវេលានេះ មិនមែនជាពេលវេលាដែលខ្មែរត្រូវឈ្លោះគ្នា លាបពណ៌គ្នា ញុះញង់គ្នា ទម្លា់កំហុសរហូតធ្វើឱ្យខ្មែរបែកបាក់សាមគ្គីជាតិនោះឡើយ។

រីឯឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងថា កិច្ចប្រជុំលើកដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាមានសារៈសំខាន់ ហើយគណបក្សរបស់លោកមានសំណើចំនួនពីរ ដែលសំណើទាំងអស់នេះ គឺគ្រាន់តែជាសំណើមួយដើម្បីពន្លឿនដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានស្រាប់។ តែលោកចង់ឱ្យគោលនយោបាយទាំងអស់នោះមានប្រសិទ្ធភាព និងជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ គឺវិស័យសុខាភិបាល ដែលមានគោលនយោបាយព្រាងរួចជាស្រេចរបស់រាជដ្ឋាភិបាលហើយនោះ សុំធ្វើយ៉ាងណាមានគុណភាពដល់មូលដ្ឋាន។ មួយចុះណុចទៀត គឺបង្កើនគុណភាពច្បាប់ឱ្យបានរឹងមាំ ពាក់ព័ន្ធទៅលើការគ្រប់គ្រងឱ្យបានការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន។ លោកបានបញ្ជាក់ថា វិស័យសុខាភិបាល គឺជាដើមទុននៃភាពជោគជ័យរបស់មនុស្សគ្រប់គ្នា។ បើវិស័យសុខាភិបាលគ្មានគុណភាព មនុស្សមិនអាចមានសុខភាពដើម្បីដើរទៅដល់ភាពជោគជ័យទាំងអស់នោះបានទេ៕
ដោយ៖ពលជ័យ


