លោក សំ សុគង់ បេក្ខជនព្រឹទ្ធសភានៃគណបក្សភ្លើងទៀនស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក សំ សុគង់ សមាជិកអចិន្ដ្រៃយ៍ ប្រធាននាយកដ្ឋាន នីតិកម្ម និងកិច្ចការបោះឆ្នោត ប្រធានក្រុមការងារខេត្តព្រៃវែង និងជាបេក្ខជនព្រឹទ្ធសភា នៃគណបក្សភ្លើងទៀនបានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក សំ សុគង់ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងលិខិតលោកសំ សុគង់ បានជម្រាជូនសម្តេចតេជោ ហ៊ុន សែន ថា លោកបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព ប្រជាជនរស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសជាងនេះទៅទៀត ប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងតំបន់ និងពិភពលោកតាមរយៈការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ ហ្គេម ឆ្នំា២០២៣ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។

លោក សំ សុគង់ បានរំលេចថា ដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានៅក្រោមគោលនយោបាយ ឈ្នះ ឈ្នះ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវតែចងចាំនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ដោយមើលឃើញ គោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលជាហេតុធ្វើឲ្យលោកពេញចិត្តជាខ្លាំង ដូច្នេះ លោកសូមគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យលោកបានចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកបម្រើគណបក្សប្រជាជនកម្ពុជា និងបម្រើប្រទេសជាតិ ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដោយក្តីអនុគ្រោះបំផុត។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេចតេជោ មេត្តាអនុញ្ញាតអោយខ្ញុំបាទបានចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជន៕

ads banner