ពិធីរំលឹកគុណអង្គររយៈពេល៩ថ្ងៃចាប់ផ្តើមក្នុងខេត្តសៀមរាប (Video Inside)
ពិធីរំលឹកគុណអង្គររយៈពេល៩ថ្ងៃប្រព្រឹត្តទៅក្នុងបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប បានចាប់ផ្តើមនៅថ្ងៃទី៧ធ្នូនេះហើយ ក្រោមក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធី«រំលឹកគុណអង្គរ» រវាងពីថ្ងៃទី៧ដល់១៦ធ្នូ គឺ ដើម្បីចូលរួមអបអរ សាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីនៃសម្បត្តិបេតិ ភណ្ឌពិភពលោក។ រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។
ពិធី «រំលឹកគុណអង្គរ» នេះទៀត ត្រូវបានរៀបចំឡើង ក្នុងគោលបំណងរំលឹកគុណ អង្គព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិ តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិធីរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៍សែនយូរលង់ របស់ជាតិខ្មែរ។
លោកជំទាវបានថ្លែងបន្តថា « ពិធីនេះក៍បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលអ្នកទេសចរ អាចបន្ដមើលឃើញនូវសក្ខីកម្ម នូវស្នាដៃដ៍អស្ចារ្យរបស់បុព្វបុរសខ្មែរ ប្រកបដោយទេពកោសល្យខ្ពង់ខ្ពស់។