ខេត្តកំពង់ធំនឹងមានរោងចក្រស្វាយចន្ទីតម្លៃ ១២លានដុល្លារ (Video Inside)

កម្ពុជានឹងមានរោងចក្រកែច្នៃ និងប្រមូលទិញគ្រាប់ស្វាយចន្ទីតម្លៃជាង ១២លានដុល្លារ នៅក្នុងខេត្តកំពង់ធំ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី។

តំណាងក្រុមហ៊ុនវិនិយោគ CSNC Agriculture Co.,Ltd លោក តាន់ ប៉េងសេង លើកឡើងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២លានដុល្លារ នឹងត្រូវចែកចេញជាពីរដំណាក់កាល។ ឆ្នាំទី១ នឹងប្រើទុនវិនិយោគ ៥លានដុល្លា និងដំណាក់កាលទី២ នឹងត្រូវប្រើទុន៧លានដុល្លារ ដើម្បីសាងសង់រោងចក្រ ដែលមានទំហំ ១ម៉ឺន ២ពាន់ ៨០០ម៉ែត្រក្រឡា លើផ្ទៃដីទំហំ ១៤ហិកតា។ លោកបញ្ជាក់ថាកម្រិតសមត្ថភាពរបស់វានឹងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីរ ៤០តោនក្នុងមួយថ្ងៃ ដោយប្រើកម្លាំងពលកម្ម ១៨០នាក់។

លោក តាន់ ប៉េងសេង បានបញ្ជាក់ទៀតថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី, ក្រុមហ៊ុន និងកែច្នៃសំបុកត្រចៀកកាំ និងកែច្នៃដំឡូងមីផងដែរ។ លោកបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុន សម្រេចជ្រើសរើសខេត្តកំពង់ធំសាងសង់រោងចក្រនេះ ដោយសារតែខេត្តកំពង់ធំ ជាខេត្តដែលបានដាំដុះស្វាយចន្ទីច្រើនជាងគេទូទាំងប្រទេស។

ផលិតផលគ្រាប់ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្តមួយ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយក ចិត្តទុកដាក់ និងជំរុញការនាំចេញផលិតផលនេះ ឲ្យបានច្រើនជាងគេនៅលើពិភពលោក។ បច្ចុប្បន្ន ផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជា មានសរុបប្រមាណ៧០ម៉ឺនហិកតា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ ការនាំចេញស្វាយចន្ទីបានចំនួន ៤សែន ២ម៉ឺន ៤៨២តោន ដែលថយចុះ ១០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។

ads banner