អាជ្ញាធរជាតិគ្រឿងញៀន ស្នើអាជ្ញាធរខេត្តក្រចេះចុះបញ្ជីចំនួនអ្នកប្រើគ្រឿងញៀនដើម្បីលើកផែនការ ស្តារនីតិសម្បទាឱ្យមានប្រសិទ្ធភាព

អត្ថបទដោយ៖
CPA

ក្រចេះ៖ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក នាក់ យុទ្ធា បានស្នើឱ្យអាជ្ញាធរខេត្តក្រចេះ រៀបចំចុះបញ្ជីស្ថិតិចំនួនអ្នកប្រើគ្រឿងញៀនដែលមាននៅតាមភូមិ ឃុំ សង្កាត់ ក្នុងខេត្ត ដើម្បីលើកផែនការ និងវិធានការសម្រាប់ព្យាបាល ស្តារនីតិសម្បទា ឬដោះស្រាយបញ្ហាចំពោះមុខឱ្យបានសមស្របនិងមានប្រសិទ្ធភាព ។

សំណើរនេះបានធ្វើឡើងអំឡុងពេលលោក នាក់ យុទ្ធា និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងមក និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តក្រចេះកាលពីថ្ងៃទី ៦ខែធ្នូឆ្នាំ២០២៣។

ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនេះលោក នាក់ យុទ្ធា បានស្នើសុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តក្រចេះបន្តយកចិត្តទុកដាក់ និងពិចារណារលើការចាត់ចែងដឹកនាំរៀបចំកិច្ចការមួយចំនួន ដើម្បីឱ្យការគ្រប់គ្រងបញ្ហាគ្រឿងញៀនក្នុងខេត្តមានប្រសិទ្ធភាព។ កិច្ចការងារដែលលោកបានស្នើទាំងនោះរួមមាន អាជ្ញាធរខេត្ត ត្រូវរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានឆាប់តាមស្មារតីនៃការណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលនេះគឺជាកិច្ចការសំខាន់ និងត្រូវយកចិត្តទុកដាក់រៀបចំជាទីបំផុត។ត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារ នៃឯកសារគោលការណ៍ណែនាំ ឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គ្រប់ចំណុចទាំងអស់ដែលពាក់ព័ន្ធ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តនីមួយៗ ។

គួរជម្រាបថា លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៦ ធ្នូ ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧១នាក់  ដែលរឹបអូសវត្ថុតាងបានរួមមាន មេតំហ្វេតាមីន(Ice) ៥៥,០៦ក្រាម និង ៥ កញ្ចប់តូច និង មេតំហ្វេតាមីន(Wy)ចំនួន ០,១៥ក្រាម៕

ដោយ៖ សុខ រក្សា

ads banner