តើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀន ត្រូវសម្រេចចិត្តបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ឱ្យគណបក្សមួយណា?
ភ្នំពេញ៖ នៅក្នុងពេលនេះ បានបង្ហាញច្បាស់អំពីការដណ្ដើមគ្នារវាងបក្សពីរដែលបានចុះឈ្មោះនៅ គ.ជ.ប រួចហើយ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សភ្លើងទៀនបោះឆ្នោតជូនបេក្ខជនសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមគណនីហ្វេសប៊ុក Jasmine Angkor។
គណនីហ្វេសប៊ុក Jasmine Angkor បានបន្តថា អតីតសមាជិកគណបក្សភ្លើងទៀនមួយចំនួន ដូចជា លោក ស៊ុន ចន្ធី លោក រ៉ុង ឈុន លោក ជា មុនី បានសម្រេចបោះបង់ចោលគណបក្សភ្លើងទៀន ហើយមកបង្កើតបក្សកម្លាំងជាតិ ក្រោមការបញ្ជាដឹកនាំពីក្រៅប្រទេស ក្នុងគោលបំណងដណ្ដើមសំឡេងឆ្នោតពីគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទីប្រាំ។
តើគណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោត ជាសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ សុខចិត្តដែរឬទេ?
បន្ទាប់ពីសមាជិកគណបក្សភ្លើងទៀនដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន បានទៅចូលរួមសមាជគណបក្សកម្លាំងជាតិ ដែលដឹកនាំដោយ ស៊ុន ចន្ធី គឺត្រូវបានបណ្ដេញចេញពីគណបក្សភ្លើងទៀន ហើយបានផ្លាស់ប្ដូរបុគ្គលផ្សេងមកទទួលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជំនួសវិញ។ ទន្ទឹមនេះនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានចេញលិខិតណែនាំព្រមានចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀនចំនួន២១៩៨នាក់ មិនឱ្យធ្វើការសម្រេចចិត្តផ្ទុយពីគោលការណ៍គណបក្ស ហើយនឹងត្រូវប្រឈមនឹងការបណ្ដេញចេញពីគណបក្ស និងលែងបានធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តទៅទៀត។ ស្របពេលជាមួយគ្នានេះដែរ គណបក្សឆន្ទៈខ្មែរ ក៏បានចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ផងដែរ ហើយបេក្ខជនដែលឈរឈ្មោះ គឺជាអតីតសមាជិកគណបក្សភ្លើងទៀន ក្នុងគោលបំណងឱ្យអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនបោះឆ្នោតឱ្យដែរ។
ដោយថិតក្នុងស្ថានភាពប្រទាញប្រទង់ លំបាកក្នុងការសម្រេចចិត្ត ដែលអាចធ្វើឱ្យប៉ះពាល់ដល់អនាគតនៃមុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន ជម្រើសដែលល្អបំផុតគឺ មិនគួរបោះឆ្នោតឱ្យគណបក្សណាមួយឡើយ៕
ដោយ៖ពលជ័យ





