ក្រសួងអប់រំ ៖ លទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានសុក្រឹតភាព និងលទ្ទផលទទួលយកបាន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួួយដែលបញ្ជាក់ ប្រាប់ដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជន ទាំងអស់ថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅ ដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ក្រោមការយកចិត្ត ទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមានកិច្ចសហការ ល្អរវាងក្រសួង ស្ថាប័ន អាជ្ញាធរ និង ភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្ត ភារកិច្ចប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការ នានាគ្រប់ថ្នាក់ ។

ប្រភពដដែលនេះបានបញ្ជាក់ដែរថា៖ ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជន ដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផល នៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យយ៉ាង យកចិត្តទុកដាក់ លើកិច្ចការរបស់បេក្ខជន ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និង សាធារណជនមានការជឿទុកចិត្ត ។

ក្រោយពីបានបញ្ចប់ការពិនិត្យ ក្រសួងឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មិនមានការប្រែប្រួលទេ ។ ឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ ការទទួលពាក្យតវ៉ារបស់បេក្ខជន និង បញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាស ព័ត៌មាននេះតទៅ ។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងផ្តល់ឱកាសឱ្យប្រឡង នៅឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀន សូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និង សហគមន៍ ដើម្បី ទទួលបានជោគជ័យនៅឆ្នាំខាងមុខ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner