សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការប្តេជ្ញាចិត្តប្រែក្លាយតំបន់រុនតាឯក ជាបុរីមួយក្នុងខេត្តសៀមរាប (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលរដ្ឋដែលបានមករស់ក្នុងតំបន់ថ្មី ពាក់ព័ន្ធនឹងមូលហេតុអ្វីបានជាពួកគេត្រូវរើចាកចេញពីតំបន់រមណីយដ្ឋានអង្គរវត្ត មករស់នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តំបន់រមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប គឺជាតំបន់ដែលអង្គការយូណេស្កូ បានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលក្នុងន័យនេះ តំបន់ការពារបេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ ៤០១គីឡូម៉ែត្រក្រឡា នឹងតម្រូវការការពារយ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឡើយ។

ប៉ុន្តែអំពើអនាធិបតេយ្យជាច្រើនបានកើតឡើងក្នុងតំបន់រមណីយដ្ឋាននោះ ដែលជំរុញឱ្យអាជ្ញាធរ ត្រូវចុះបំពេញកាតព្វកិច្ច ដើម្បីចៀសវាងអង្គការយូណេស្កូ ដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

សម្តេចធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋមករស់នៅក្នុងតំបន់ថ្មី ក្នុងឃុំរុនតាឯក នាថ្ងៃសុក្រទី៨ធ្នូ បានរៀបរាប់ជុំវិញមូលហេតុដែលពាក់ព័ន្ធនឹងការបង្កើតតំបន់ថ្មី ដែលកំពុងមានការអភិវឌ្ឍន៍ជាមួយពលរដ្ឋបានមកតាំងទីលំនៅជាបណ្តើរៗ និងបន្តបន្ទាប់។

ការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរវត្តកន្លងមកនេះ បើទោះបីជារាជរដ្ឋាភិបាលប្រឹងប្រែង ធ្វើដើម្បីការបំពេញកាតព្វកិច្ចជាតិ និងកិច្ចការរបស់អង្គការបេតិកភណ្ឌពិភពលោកក៏ដោយ ការនិយាយចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាល ដោយក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក ជាពិសេសតាមរយៈការប្រើប្រាស់វិទ្យុបរទេស ដែលបំរើឧបាយកលបដិវត្តពណ៌ បានលាបពណ៌ថា រាជរដ្ឋាភិបាលបានបណ្តេញប្រជាជនចេញ ឬថាបានរំលោភសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យជាដើម។ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគេឃើញថា បានបន្តការដោះស្រាយ ដោយភាពអត់ធ្មត់ ដើម្បីកិច្ចការរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ។

ប៉ុន្តែនាពេលកន្លងមកនេះ ការផ្សាយព័ត៌មានដែលមានចរិតចង់បំផ្លាញកិត្តិយស របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយប្រឆាំង ដូចជាវិទ្យុអាស៊ីសេរី និងអង្គការបរទេសខ្លះ ដែលមិនបានចុះមកដោយផ្ទាល់ បានផ្សាយដកស្រង់សម្តីអវិជ្ជមានពីមួយចំហៀង ដោយគ្មានស្វែងរកការពិត ពីទីតាំងកើតហេតុ ដើម្បីយកមកបញ្ជាក់រកការពិតត្រឹមត្រូវឡើយ។

បច្ចុប្បន្ន ឃុំ «រុនតាឯក» ដោយមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ និងការជួយឧបត្ថម្ភលើសម្ភារៈមួយចំនួន ក្នុងការរៀបចំធ្វើសំណង់លំនៅដ្ឋាន បានក្លាយជាតំបន់មួយ ដែលធ្វើឱ្យពលរដ្ឋកាន់តែមានភាពកក់ក្តៅ និងរំពឹងក្លាយជាបុរីមួយ ដូចជាបុរីនានា នៅតាមទីតំបន់អភិវឌ្ឍន៍។ សម្តេចធិបតីបានថ្លែងថា មិនដល់រយៈពេលសាងសង់៥០០ថ្ងៃផង តំបន់ដែលគ្មានអ្វីសោះកាលពីមុននេះ បានក្លាយជាភូមិដែលមានការបំពាក់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

សម្តេចធិបតីបានថ្លែងតំបន់ថ្មីនេះ នឹងត្រូវប្រកាសក្នុងពេលខាងមុខថា ជាក្រុងគំរូ និងដាក់ឈ្មោះហៅថា «ក្រុងតាឯក»។

ads banner