ពលរដ្ឋ និងនិស្សិតខ្មែរ ក្នុងប្រទេសជប៉ុន បន្តផ្ញើសារគាំទ្រដំណើររបស់សម្តេចធិបតី (Video Inside)
នៅតែប្រមាណមួយសប្តាហ៍ដែលនឹងមានការអញ្ជើញបំពេញទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសជប៉ុន ពលរដ្ឋ និងនិស្សិតខ្មែរ ដែលរស់នៅក្នុងប្រទេសជប៉ុន បានបន្តផ្ញើសារ និងការគាំទ្រយ៉ាងខ្លាំងក្លា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រមុខដឹកនាំប្រទេសអាស៊ានទាំងអស់ គ្រោងនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ ក្នុងរដ្ឋធានីតូក្យូ ដែលនឹងមានរវាងពីថ្ងៃទី១៦ដល់១៨ធ្នូ។
ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានចាប់តាំងពីឆ្នាំ១៩៥៣មក។ ទំនាក់ទំនងស្អិតល្មួតរវាងប្រទេសទាំង២នេះហើយ បាននាំឱ្យប្រទេសទាំង២ មានភាពប្រាស្រ័យទាក់ទងគ្នា និងកម្ពុជា មាននិស្សិត និងពលរដ្ឋជាច្រើន បានស្នាក់នៅ និងសិក្សាលើទឹកដីជប៉ុន។
ចំនួនប្រជាជនខ្មែរដែលបានរស់នៅក្នុងប្រទេសជប៉ុនគិតត្រឹមខែមិថុនាឆ្នាំ២០២២ មានប្រមាណ ១ម៉ឺន ៨ពាន់ ៣៥៦នាក់ ខណៈជនជាតិជប៉ុន ដែលបានរស់នៅលើទឹកដីកម្ពុជាវិញ គិតត្រឹមខែតុលាឆ្នាំ២០២២ មានចំនួន ៣ពាន់ ៣៦៣នាក់។
ប្រទេសជប៉ុនបានជួយកម្ពុជាជាច្រើន លើការអភិវឌ្ឍន៍ប្រទេស តាមរយៈការបណ្តាក់ទុន, ការ អភិ វឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីជម្រុញកំណើនសេដ្ឋ កិច្ច ជាតិនិងការកាត់បន្ថយភាពក្រីក្រ។
ជំនួយជប៉ុនបច្ចុប្បន្នត្រូវគេឃើញថាបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ យ៉ាងទូលំ ទូលាយ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម។