បុរសឃាតករដែលក្លែងការស្លាប់របស់សង្សារជាអំពើចងក ទីបំផុតបានសារភាពកំហុស (Video Inside)

ស្ត្រីអាយុ១៩ឆ្នាំម្នាក់ ដែលមុននេះត្រូវគេរាយការណ៍ថា បានស្លាប់ដោយសារការចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ត្រូវបានគេរកឃើញថារូបនាង គឺត្រូវសង្សារសម្លាប់ដោយច្របាច់ក និងត្រូវបានគេយកសាកសពទៅព្យួរចងនឹងចំណង ដើម្បីឱ្យគេគិតថា នាងបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង។

ហេតុការណ៍ស្លាប់ដោយមានចំណងជាប់នឹងករបស់ស្ត្រីឈ្មោះ ស៊ិម ម៉ារ៉ាឌី មុខរបរជាកម្មករនោះ បានកើតឡើងនាវេលាម៉ោង៧យប់ថ្ងៃទី៥ធ្នូ។ សមត្ថកិច្ចបានរកឃើញថាស្ត្រីអាយុ១៩ឆ្នាំនោះ តាមពិតត្រូវបានយុវជនអាយុ២០ឆ្នាំ ជាសង្សារឈ្មោះ ភុំ ផា បានច្របាច់កសម្លាប់ដោយសារករណីប្រចណ្ឌ។ បុរសរូបនោះ បានរៀបចំឆាកក្លែងបន្លំការស្លាប់នោះ ឱ្យគិតថាជាការធ្វើអត្តឃាតដោយចងក។ បុរសជាឃាតករនោះ បានគេចខ្លួនធ្វើដំណើរទៅខេត្តឧត្តរមានជ័យ។ ប៉ុន្តែក្រោយមកត្រូវគេរាយការណ៍ថា បានចូលមកសារភាពខ្លួន ចំពោះសមត្ថកិច្ចនគរបាល ស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប និងបានរៀបរាប់ជុំវិញអំពើឃាតកម្មនោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា បុរសជាសង្សារនោះ ធ្លាប់បាននិយាយគំរាមស្ត្រីជាសង្សាររបស់ខ្លួនថា «មិនឱ្យស្រឡាញ់អ្នកណាក្រៅពីរូបគេទេ បើពុំនោះទេ រូបគេនឹងសម្លាប់នាងចោល»។

បុរសសង្ស័យជាឃាតករ បានចូលមកសារភាពទោសកំហុស ចំពោះមុខសមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាបនៅថ្ងៃទី៨ធ្នូនេះ។ សមត្ថកិច្ចកំពុងរៀបចំនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។

ads banner