សម្តេចតេជោ ហ៊ុន សែន៖ ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា កាលពីព្រឹលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣។

តាមសុន្ទរកថា នៃពិធីបើកមហាសន្និបាតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានឱ្យដឹងថា យោងតាមការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត។ ផ្តើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្សកំណត់ពេលវេលាជាក់លាក់សម្រាប់ការបន្តវេនអ្នកជំនាន់ថ្មី គឺត្រូវចាប់ផ្ដើមពីដើមនីតិកាលទី៧នៃរដ្ឋសភានេះតែម្តង។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែទៅហើយ។ អំពីការកសាងគណបក្ស គឺតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនគឺ គោលការណ៏ប្រមូលផ្ដុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក គោលការណ៍រក្សាភ្ជាប់ជិតស្និទ្ធិរវាងគណបក្ស និងប្រជាជន និងគោលការណ៍គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ផ្ដើមចេញពីការអនុវត្តគោលការណ៍ខាងលើនេះ បានធ្វើឱ្យបក្សបានរីកធំធាត់ ពេញកម្លាំង រឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយមានគ្រប់លក្ខណ:សម្បត្តិអាចដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែងតទៅ។ នៅក្នុងបរិបទថ្មី នៃការដឹកនាំ អង្គមហាសន្និបាតលើកនេះនឹងត្រូវធ្វើកិច្ចការមួយចំនួនដូចខាងក្រោម៖
១-ពិនិត្យឆ្លងសេចក្តីព្រាង របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤
២-បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន
៣-ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្ដាលនឹងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការ
កណ្ដាលថ្មីផងដែរ។

សម្ដេចតេជោ ប្រធានគណបក្សបានមានប្រសាសន៍ទៀតថា អង្គមហាសន្និបាតក៏បានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្សជាច្រើនផងដែរ។

ការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រ សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញដំណើរភ្លាមដែរនោះគឺ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

ជាការសន្និដ្ឋាន ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិ។ អង្គមហាសន្និបាតទាំងមូលក៏សូមសម្ដែងនូវគារវភក្តី និងកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាមានសេចក្តីសុខ សន្តិភាព និងរីកចម្រើនឥតឈប់ឈរ។

អង្គមហាសន្និបាតសូមកោតសរសើរ និងគោរពដឹងគុណមិនអាចបំភ្លេចបានចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ និងជួយបង្កលក្ខណៈគ្រប់យ៉ាងឱ្យអ្នកជំនាន់ក្រោយបានបន្តវេនដោយរលូន តាមរដ្ឋធម្មនុញ្ញ និងតាមនីតិវិធីច្បាប់។ អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងអស់នៅគ្រប់ទិសទី ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាពចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយសង្ឃឹមថា ការជួយនេះ នឹងមានជាបន្តទៀត ដើម្បីផលប្រយោជន៍ប្រទេសជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner