គណបក្សធម្មាធិបតេយ្យ អបអរសាទរសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានធ្វើលិខិតអបអរសាទរដោយស្មោះស្ម័គ្របំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្ស នៅវិមាន៧មករា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
គណបក្សធម្មាធិបតេយ្យ មើលឃើញថា សម្តេចមហាបវរធិបតី ពិតជាស័ក្តិសមបំផុត ក្នុងការទទួលបាននូវតួនាទីជាអនុប្រធានគណបក្សប្រជាជនកម្ពុជានេះ និងពិតជាអ្នកដឹកនាំថ្មីមួយនៃព្រះរាជាណាចកកម្ពុជា ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសឱ្យមានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ថ្កុំថ្កើង។
សូមជម្រាបថា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន២៣រូប, បោះឆ្នោតជ្រើសតាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក គណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលចំនួន៧រូប៕
ដោយ៖ពលជ័យ
