គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការការចុះបញ្ជីជាផ្លូវចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រជុំដើម្បីពិនិត្យ និងសម្រេចលើការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សនយោបាយចំនួន៣ គឺគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូនេះ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សនយោបាយទាំង៤ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំង៤ គឺ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការការចុះបញ្ជីជាផ្លូវចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច ដែលចុះបញ្ជីក្រោយគេ គ.ជ.ប កំពុងតែពិនិត្យទៅលើឯកសារភ្ជាប់ជាមួយនឹងពាក្យសុំ។ គណបក្សនយោបាយទាំង ៤ បានមកសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺទាំង៨ភូមិភាគ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន៥៨រូប និងបេក្ខជនបម្រុង ៥៨រូប សម្រាប់មណ្ឌលបោះឆ្នោតទាំង ៨ភូមិភាគ។ ចំណែកគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តជាមួយគណបក្សភ្លើងទៀន បានទៅដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ រីឯគណបក្សកម្លាំងជាតិ បានទៅដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ គណបក្សហ៊្វុនស៊ិនប៉ិច បានទៅដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ។ ក្នុងរយៈពេល១៥ថ្ងៃនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”។ យោងតាមប្រតិទិននៃការបោះឆ្នោតគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ



