ឯកឧត្តម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា
(ភ្នំពេញ)៖ រាជធានីភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ ប៉ុន្តែទោះបី ជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែ ដែលរាជធានីភ្នំពេញពីមុនគឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែមកដល់ពេលនេះដោយមានការរីកចម្រើន ធ្វើឲ្យរាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់ ៣លាននាក់ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្តែការគួរសមនិងពិភាក្សាកាងារ ជាមួយលោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនិងសន្និសីទប្រឹក្សានយោបាយ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ធ្នូ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បន្តថា តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ និងធ្វើឲ្យភ្ញៀវទេសចរណ៍ចិន មានកំណើនថែមទៀត។ ទំនាក់ទំនងប្រទេសចិន និង កម្ពុជា ជាទំនាក់ទំនងមិត្តភាពដែកថែបនិងចុងក្រោយនេះគឺជាមិត្តភាពត្បូងពេជ្រ ។ សូមមិត្តចិនជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យមកដើរលេងកំសាន្តនៅកម្ពុជា។

ជាមួយគ្ននោះឯកឧត្តមអភិបាលក៏បានស្នើរឱ្យភាគីចិន ជួយផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរ បានទៅសិក្សារៀនសូត្រ នៅទីក្រុងប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយ មានការបណ្ដុះបណ្ដាលធនធានមនុស្សបានល្អ ។ ស្នើ លោក លូ យ៉ាន ពិភាក្សាជាមួយអភិបាលទីក្រុងប៉េកាំងលើបញ្ហាទាំង ២នេះ ។
លោក លូ យ៉ាន (Mr. Lu Yan) ក៏បានមានប្រសាសថា ទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញមានបញ្ហាប្រឈមដូចគ្នា ទៅលើការកកស្ទះចរាចរណ៍ និងបញ្ហាសំរាម សំណល់រឹង ។ រាជធានីភ្នំពេញ និងទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពគ្នា ប្រមាណ ៥ឆ្នាំហើយ ។ ការជួបពិភាក្សាការងារសម្ដែងការគួសមនៅពេលនេះគឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អនិងយូរអង្វែងបន្ថែមទៀត ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ