ក្រសួងអបរំ ប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀនឆ្នាំ២០២៤-២០៣០ជាផ្លូវការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០ ដែលនឹងជួយជំរុញ និងអភិវ ឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា សំដៅពង្រឹងគុណភាពអប់រំឱ្យកាន់តែរីកចំរើនបន្ថែមទៀតនោះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយ កាលពីចុងសប្តាហ៍កន្ល​ងទៅ។

ប្រភពក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០ បានធ្វើឡើងក្រោមវត្ត​មានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការយូនីសេហ្វ( UNICEF) ប្រចាំកម្ពុជា, មន្រ្តីពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍជាច្រើនរូបទៀត​។​​

នាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបាន​កោតសរសើរដល់ដៃគូពាក់ព័ន្ធ និងអង្គការ​យូនីសេហ្វ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា និងបច្ចេកទេសក្នុងការជួយរៀបចំផែនការស​កម្មភាព និងការចូលរួមអនុវត្តផែនការសកម្មភាពគោលនយោបាយ ស្តីពីគ្រូបង្រៀនជាច្រើនឆ្នាំមកនេះ និ​ងសម្រេចបានលទ្ធផលជាច្រើន។​

 សម្រាប់ផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀន នៅក្នុងដំ​ណាក់​កាលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ក្រសួងនឹងបន្តការយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយចាត់ទុកថាគ្រូ​បង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជា «អ្នកផលិតចំណេះដឹង អ្ន​កអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ»។ ​

ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានថ្លែងសារទរចំពោះការដាក់អនុវត្ត​ផែនការសកម្មភាពគោលនយោបាយនានា ដើម្បីអភិវឌ្ឍគ្រូបង្រៀននៅកម្ពុជា ខណៈលោកថា វិស័យអប់រំឯកជន នៅតែត្រូវការគ្រូបង្រៀនពីសាលារដ្ឋ ដើម្បីមកបង្រៀន និងចែករំលែកវិធីសាស្រ្តបន្ថែម។

លោកក៏រំពឹងដែរ​ថា តាមរយៈការដាក់ឱ្យអនុវត្ត​ផែនការសកម្មភាពគោលនយោបាយនេះ នឹងធ្វើឱ្យការបណ្តុះ​បណ្តាលគ្រូនៅកម្ពុជា កាន់តែមានគុណភាព។​

បើតាមក្រសួងអប់រំ យុវជន និងកីឡា ​ផែនការសកម្មភាពគោលនយោបាយ ស្តីពីគ្រូបង្រៀនសម្រាប់ឆ្នាំ ២០​២៤-២០៣០ ដែលបានប្រកាសដាក់ឱ្យអនុវត្ត​នេះ គឺជាឯកសារដ៏សំខាន់មួយ សម្រាប់ការចូលរួមគាំទ្រក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ​រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន។​

​ក្រសួងបន្តថា ដើម្បីសម្រេចបាននូវគោលដៅ និងផែនការសកម្មភាពគោលនយោបាយ​នេះ ក្រសួងនឹងបន្តធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយផ្ដោតលើចំណុចសំខាន់ៗដូចជា៖ ការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូ, ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន, ​ការអភិវឌ្ឍហេដ្ឋារច​នាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប​ និងការធានាគុណភាពនៃការបណ្តុះបណ្តាលជាដើម៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner