សកម្មជនហុងកុងត្រូវបានចាប់ខ្លួនដោយសារបាតុកម្មប្រឆាំងការបោះឆ្នោត
ហុងកុង៖នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងចំនួនបីនាក់ត្រូវបានចាប់ខ្លួននៅអំឡុងពេលដំណើរការបោះឆ្នោតក្រុមប្រឹក្សាស្រុកកំពុងប្រព្រឹត្តទៅ ប៉ុន្តែមិនមានវត្តមានរបស់ឥស្សរជនមកពីគណបក្សប្រឆាំងឈរឈ្មោះនោះទេ។
រដ្ឋាភិបាលហុងកុងដែលមាននិន្នាការគាំទ្រចិន បាននិងកំពុងធ្វើយ៉ាងណាដើម្បីបង្កើនចំនួនអ្នកទៅបោះឆ្នោតឱ្យបានច្រើន ប៉ុន្តែមនុស្សជាច្រើនហាក់មិនចង់ទៅចូលរួមបោះឆ្នោតនោះទេ។ ទិដ្ឋភាពនេះគឺខុសពីឆ្នាំ ២០១៩ នៅពេលដែលមានអ្នកចេញបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងច្រើន ហើយក៏មានប្រជាជនបោះឆ្នោតដ៏ច្រើនដូចគ្នា។ កាលនោះ គណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីតែម្ដង។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបីនាក់ មកពីគណបក្សសម្ព័ន្ធសង្គមប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួននៅកណ្តាលទីក្រុងហុងកុង ខណៈពេលដែលពួកគេកំពុងធ្វើដំណើរចេញទៅតវ៉ាប្រឆាំងការបោះឆ្នោត។ ពួកគេបានរិះគន់ការបោះឆ្នោតថាមិនមានលទ្ធិប្រជាធិបតេយ្យដោយសារច្បាប់បោះឆ្នោតមិនបានទទួលយកបេក្ខជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យឈរឈ្មោះបោះឆ្នោត។
បន្ថែមលើនេះ ក្រុមបាតុករមួយទៀតនៅក្នុងទីក្រុងហុងកុងបានសម្តែងការព្រួយបារម្ភអំពីអវត្តមាននៃសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោត ហើយថាក្រុមរបស់ពួកគេត្រូវបានអាជ្ញាធរតាមដានចាប់តាំងពីពេលដែលពួកគេធ្វើដំណើរចេញពីផ្ទះមកម៉្លេះ។ យ៉ាងណាមិញ មន្ត្រីប៉ូលិសបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ពួកគេបានចាប់ខ្លួនមនុស្សបីនាក់ដែលសង្ស័យថាបានព្យាយាមរំខានការបោះឆ្នោតក្រុមប្រឹក្សាស្រុក ដោយបានធ្វើការឃុំខ្លួនពួកគេដើម្បីស៊ើបអង្កេតបន្ថែម។
កាលពីខែកក្កដាកន្លងទៅ បទប្បញ្ញត្តិថ្មីមួយត្រូវបានដាក់ចេញឱ្យអនុវត្ត ដោយបានកាត់បន្ថយអាសនៈក្រុមប្រឹក្សាស្រុកដែលជាប់ឆ្នោតដោយផ្ទាល់ជិត ៨០ភាគរយធៀបនឹងកាលពីបួនឆ្នាំមុន។ ឥឡូវនេះ បេក្ខជនឈរឈ្មោះត្រូវការត្រួតពិនិត្យព័ត៌មានផ្នែកសន្តិសុខជាតិ និងត្រូវការតែងតាំងពីគណៈកម្មាធិការគាំទ្ររដ្ឋាភិបាល។ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួន និងសូម្បីតែឥស្សរជនគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងមួយចំនួនក៏មិនមានឱកាសទទួលបានការតែងតាំងនោះដែរ។
ការវិវត្តចុងក្រោយនេះ បានឈានដល់ការរឹតត្បិតសិទ្ធិសេរីភាពបោះឆ្នោតនៅទីក្រុងហុងកុង ដែលជាទីក្រុងពាណិជ្ជកម្មមួយធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេស ក្រោយមកអង់គ្លេសបានប្រគល់ការគ្រប់គ្រងឱ្យទៅចិនវិញក្នុងឆ្នាំ១៩៩៧។ ជាក់ស្ដែង ការបង្រ្កាបសំឡេងក្រុមប្រឆាំងដោយប្រើប្រាស់ច្បាប់សន្តិសុខជាតិឆ្នាំ ២០២០ របស់ប្រទេសចិន បណ្ដាលឱ្យមានការចាប់ខ្លួនអតីតសមាជិកក្រុមប្រឹក្សាស្រុក និងថែមទាំងបានរំលាយគណបក្សប្រឆាំងសំខាន់ៗទៀតផង។
មេដឹកនាំទីក្រុងហុងកុង លោក ចន លី (John Lee) បាននិយាយថា ៖ «ការបោះឆ្នោតនេះគឺមានសារៈសំខាន់ណាស់ក្នុងការបង្កើតអភិបាលកិច្ចដឹកនាំដោយអ្នកស្នេហាជាតិនៅក្នុងទីក្រុងហុងកុង»។ លោកបានយល់ឃើញថា ការបោះឆ្នោតនៅឆ្នាំ ២០១៩ ជាការរំខានដល់អភិបាលកិច្ចសង្គម និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
គួរកត់សម្គាល់ថា សន្តិសុខត្រូវបានដាក់ពង្រាយយ៉ាងតឹងរ៉ឹង ដោយមានប៉ូលិសចំនួន ១ ម៉ឺននាក់ជាង ដើម្បីធានាសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោត។ ដោយឡែក បណ្ដាប្រទេសលោកខាងលិចបានរិះគន់ច្បាប់សន្តិសុខជាតិរបស់ចិន ដែលបានរារាំងមិនឲ្យមានសំឡេងបក្សប្រឆាំងចូលរួម ប៉ុន្តែចិនបានអះអាងថា ខ្លួនកំពុងរក្សាស្ថិរភាពសង្គមនៅហុងកុង។ ទន្ទឹមនឹងនេះ បណ្ដាគណបក្សដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងបានព្យាយាមធ្វើយុទ្ធនាការ ដើម្បីជំរុញពលរដ្ឋហុងកុងឱ្យទៅបោះឆ្នោត។
លោក តាំង (Tang) វ័យ ២៧ ឆ្នាំបានកត់សម្គាល់ថា សំឡេងចម្រុះមានចំនួនតិចខ្លាំងណាស់ បើធៀបនឹងបួនឆ្នាំមុន។ គិតត្រឹមម៉ោង ២ កន្លះរសៀលថ្ងៃអាទិត្យ ចំនួនអ្នកទៅបោះឆ្នោតមានចំនួនត្រឹមតែ ១៥,៤៧ភាគរយទាបជាងបួនឆ្នាំមុនចំនួន ៤២ភាគរយ គិតក្នុងរយៈពេលដូចគ្នា។
លោក កេណេត ឆាន (Kenneth Chan) អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យមួយនៅហុងកុង និងជាអតីតសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា ៖ «នៅហុងកុងសព្វថ្ងៃ វាពិបាកខ្លាំងណាស់ក្នុងការជជែកពីលទ្ធិប្រជាធិបតេយ្យ។ ពួកគេកំពុងរៀបចំប្រព័ន្ធសង្គមមនុស្សមួយបែបដែលពួកគេហៅថាជាអ្នកស្នេហាជាតិប៉ុណ្ណោះទើបអាចឡើងកាន់មុខតំណែងក្នុងជួររាជការបាន»៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Hong Kong activists arrested in city’s ‘birdcage’ election