មន្រ្តីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាប្តេជ្ញាពង្រឹងគុណភាពការងារ និងគុណភាពការអប់រំ នៃវិទ្យាស្ថានដើម្បីប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ

(ភ្នំពេញ)៖ សិក្ខាកាមដែលជាមន្រ្តីរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចំនួន ៦០នាក់ បានបញ្ចប់សិក្ខាសាលាវាយតម្លៃលើការគ្រប់គ្រងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាមួយនឹងជំនឿចិត្តខ្ពស់ក្នុងការចូលរួមពង្រឹងគុណភាពការងារ និងគុណភាពការអប់រំនៃវិទ្យាស្ថាន ដើម្បីប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញនៅពេលខាងមុខ ។

លោក Nishiyama Naoki អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ប្រចាំប្រទេសជប៉ុន មានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះមិនត្រឹមតែផ្តោតលើផ្នែកធានាគុណភាពផ្ទៃក្នុង(IQA) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងទៅនឹងផ្នែកទាំង ៦ផ្សេងទៀតនៃគម្រោងរបស់យើង និងសកម្មភាពផ្ទាល់របស់វិទ្យាស្ថានផងដែរ ។ ដោយភ្ជាប់ជាមួយគ្រូបង្រៀន និងមន្ត្រីទាំងអស់របស់វិទ្យស្ថាន វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវមានការឯកភាពគ្នាក្នុងចំណោមពួកគេអំពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកអគ្គលេខាធិការសង្ឃឹមថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស បន្តសហការជាមួយគ្នា និងអភិវឌ្ឍវិទ្យាស្ថាន ឱ្យក្លាយទៅជាវិទ្យាស្ថានប្រកបដោយគុណភាព បណ្តុះបណ្តាលគ្រូអប់រំកាយពោរពេញដោយសម្ថភាព ដើម្បីផ្ទេរចំណេះដឹងទៅតាមកម្រិតគ្រឹះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា បានថ្លែងលើកឡើងថា ពិតណាស់ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញនៅពេលខាងមុខ ចាំបាច់ណាស់ មន្រ្តីរបស់យើងត្រូវយល់ដឹង និងមានចំណេះជំនាញពេញលេញអំពីការធានាបាននូវគុណភាពផ្ទៃក្នុង ដើម្បីទទួលបានការវាយតម្លៃពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)ថា មន្រ្តីនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាមានចំណេះដឹងអាចវិវឌ្ឍក្លាយខ្លួនជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានគុណភាពមួយក្នុងការអប់រំមុខវិជ្ជាអប់រំកាយនៅកម្ពុជា ។

លោក តូ រិទ្ធីយ៉ា និង លោក វ៉ិត ធារ៉ា នាយករងនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាសិក្ខាកាម ដែលបានចូលរួមសិក្ខាសាលា បានប្តេជ្ញាចិត្តខ្ពស់ថា បន្ទាប់ពីឆ្លងកាត់សិក្ខាសាលាជាបន្តបន្ទាប់នេះ ពិសេស សិក្ខាសាលាវាយតម្លៃលើការគ្រប់គ្រងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានេះ លោកទាំងពីរនឹងខិតខំពង្រឹងលើការធានាគុណភាពផ្ទៃក្នុង (IQA) ឱ្យទទួលបានការវាយតម្លៃពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ជាលទ្ធផលមួយអាចទទួលយកបាន ។

សម្រាប់សិក្ខាសាលាវាយតម្លៃលើការគ្រប់គ្រងនេះ បានរៀបចំឡើង ដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាសរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងបញ្ជាក់ឱ្យបានពីស្ថានភាពបច្ចុប្បន្នលើរដ្ឋបាលចាត់ចែង និងការបង្រៀនរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិភាគពីបញ្ហា និងស្វែងរកដំណោះស្រាយដែលអាចកើតមាន ការបង្កើតផែនការសកម្មភាពសម្រាប់ឆ្នាំក្រោយ និងការអនុវត្តផែនការសកម្មភាពឱ្យទៅជាសកម្មភាព គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងឯករាជ្យ របស់វិទ្យាស្ថាន ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner