រដ្ឋមន្រ្តីក្រសួងអប់រំ ៖ នៅដំណាច់ឆ្នាំ២០២៤ សាលារៀនចំនួនពី ៥០០ ទៅ ១០០០ សម្រេចបានស្តង់ដាសាលារៀនគំរូ
(ខេត្តសៀមរាប)៖ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថាក្នុងដំណាច់ឆ្នាំ២០២៤ សាលារៀនចំនួនពី ៥០០ ទៅ ១០០០ នឹងសម្រេចបានស្តង់ដាសាលារៀនគំរូ ដែលជាសាលារៀនមួយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព នាំសិស្សឆ្ពោះទៅរកដោះស្រាយបាយនូវភាពក្រីក្រទាំង ៣ គឺក្រីក្រចំណេះដឹង ក្រីក្រចិត្ត និងក្រីក្រទ្រព្យធន។
គួរបញ្ជាក់ថាការថ្លែងពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីបិទសិក្ខាសាលាស្ដីពីការអនុវត្តយុទ្ធសាស្ត្រ សហគមន៍សាលារៀន នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ GEIP នៅខេត្តសៀមរាប។

ក្រសួងអប់រំបានឱ្យដឹងដែរថាការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ សហគមន៍សាលារៀន នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ គឺជាការបង្ហាញការប្តេជ្ញាបន្តអនុវត្តកំណែទម្រង់សាលារៀន ដោយឈរលើមូលដ្ឋាននៃ ឧត្តមានុវត្តន៍ ដូចជាការអនុវត្តការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព ការបន្តពង្រឹងសាលារៀនជំនាន់ថ្មី ការរៀបចំជាគំរូនៃអភិបាលកិច្ចសាលារៀនដែលមានស្តង់ដាពេញលេញ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖

ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា
ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ៕


ដោយ ៖ ម៉ាដេប៉ូ