ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” និង បន្តផ្តល់កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល

(ភ្នំពេញ)៖ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលនឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការលើកកម្ពស់ការអប់រំលើជំនាញបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃបេសកកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនឹងទទួលបានជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្មក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានប្រកាសផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។

ក្នុងឆ្នាំសិក្សា២០២៤នេះ លេខាធិការដ្ឋាននៃ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។

អត្ថប្រយោជន៍ដែលបេក្ខជនជ័យលាភីទទួលបាននោះរួមមាន ថវិកាសិក្សាដោយមិនគិតការប្រាក់ ដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រយួរដៃ ១គ្រឿង ថ្លៃស្នាក់នៅ ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន។

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាខាងលើ ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍ បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

សម្រាប់ កាលបរិច្ឆេទ និងការទទួលពាក្យ បេក្ខជនត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈគេហទំព័រ www.dsdp.gov.kh/registration
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០៩៨ ៩៤៣ ៧៧៧ / ០៩៩ ៣៦៩ ៨៨៩ ឬអ៊ីម៉ែល info@dsdp.gov.kh ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner