សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យឯកជន
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ដើម្បីជំរុញនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាដូចជា ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខាសាលា ជាដើម។
ការចុះហត្ថលេខានេះ បានធ្វើឡើង នាទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស ដែលប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម នេះបានប្រាប់ឱ្យដឹងបន្ថែមថា តាមរយៈអនុស្សារណៈយោគយល់គ្នានេះ សភាពាណិជ្ជកម្មទាំងពីរ នឹងជួបពិភាក្សាគ្នាជាទៀងទាត់ ផ្លាស់ប្តូរព័ត៌មាន និងទស្សនៈ អំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

អ្នកឧកញ៉ាបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងពេលកន្លងទៅ និងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់ធំថែមទៀត ដែលជំនួបនាពេលនេះ រដ្ឋាភិបាលទាំងពីរបានប្តជ្ញាបង្កើនការនាំចេញនាំចូលរវាងប្រទេសទាំងពីរឱ្យកើនដល់ជិត២០ពាន់លានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖ «យើងរំពឹងថា កំណើនពាណិជ្ជកម្មកម្ពុជាវៀតណាម នឹងមានភាពល្អប្រសើរ ព្រោះថា ទីផ្សារវៀតណាម គឺជាទីផ្សារមួយដែលមិនអាចផ្លាស់បានសម្រាប់ផលិតផលកសិកម្មរបស់យើង ដែលភាគច្រើនយើងដឹងហើយ គឺដោយសារយើងកែច្នៃអត់ទាន់។ ដូច្នេះ កិច្ចព្រមព្រៀងនេះនឹងជំរុញការទាក់ទាញវិនិយោគិនវៀតណាមមកកែច្នៃក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញដែរ»។
«មិនត្រឹមតែប៉ុណ្ណោះទេ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលទាំងពីរ ក៏បានជំរុញឱ្យមានការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម ជាពិសេសការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតសួនឧស្សាហកម្មរួម ការជំរុញផ្នែកទេសចរណ៍ និងការតភ្ជាប់ផ្លូវហាយវេផងដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកឧកញ៉ា លឹម ហេង។
អ្នកឧកញ៉ាបានឱ្យដឹងទៀតថា ភាគីទាំងពីរ ក៏ជំរុញការហោះហើរត្រង់រវាងវៀតណាម មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងហោះហើរត្រង់មកកាន់ភ្នំពេញ ជាបន្តបន្ទាប់ទៀត ដែលទាំងអស់នេះជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងទាំងខាងរដ្ឋ និងវិស័យឯកជន។
ជាមួយគ្នានេះដែរ នៅក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ នាថ្ងៃដដែលនោះដែរ លោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន វៀតថែល(Viettel) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនមិត្តហ្វូន(Metfone) បានលើកឡើងដែរថា ការវិនិយោគរបស់ក្រុមហ៊ុននៅវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា មានការរីកចំរើនគួរឱ្យកត់សម្គាល់។ លោកបានអះអាងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនវៀតណាមដទៃទៀត នៅកម្ពុជា។
ចំពោះការលើកឡើងនេះដែរសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម បានសម្រេចឯកភាពគ្នាដាក់ចេញទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំង២ ឱ្យសម្រេចបានទឹកប្រាក់ ២០ ពាន់លានដុល្លារ នៅពេលដ៏ខ្លីខាងមុន។ ការជំរុញទំហំពាណិជ្ជកម្មនេះ ស្របពេលការនាំចេញនាំចូលរវាងប្រទេសទាំងពីរ បានរីកធំឡើងទ្វេដងបើធៀបឆ្នាំ២០២០ ជាមួយឆ្នាំ២០២២ កន្លងទៅនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា ៖ «ជាមួយនឹងទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរ យើងនឹងបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យ នូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា និងទិសដៅដែលបានដាក់បន្ថែមទៀត ដើម្បីជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិបុលភាពសម្រាប់ប្រទេសជាតិយើងទាំងពីរ»។
សម្ដេចធិបតីបានបន្តថា ៖ «កម្ពុជា និងវៀតណាម មិនត្រឹមតែបានសម្រេចនូវគោលដៅពាណិជ្ជកម្ម ប្រាំប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ប៉ុណ្ណោះទេ តែនិន្នាការនេះថែមទាំងបានកើនឡើង ២ដងឈានដល់ជិត១១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។ ខ្ញុំ និងឯកឧត្តម ផាម មិញជិញ បានដាក់គោលដៅពាណិជ្ជកម្មទ្វេភាគី ឈានដល់សម្រេចបាន ២០ប៊ីលានដុល្លារ ក្នុងរយៈពេលខ្លីខាងមុខ»។
ដើម្បីជំរុញកិច្ចប្រតិបត្តិការ ពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសនានានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល គ្រោងនឹងរៀបចំជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ពោលគឺក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា ជំនួបពាណិជ្ជកម្មនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលខ្មែរទៅ កាន់ទីផ្សារក្រៅប្រទេស ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្ដរជាតិ វិនិយោគ និងសេដ្ឋកិច្ច។
លោកបានប្រាប់ថា ៖ «ដូចដែលសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ហើយថា ជំនួបពាណិជ្ជកម្មនេះ អមជាមួយការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរក្នុងវិស័យផ្សេងៗ រួមមាន ម្ហូបអាហារ និងភេសជ្ជៈ សិប្បកម្មធ្វើដោយដៃ និងផលិតផលកសិឧស្សាហកម្ម ជាពិសេសផលិតផលអង្ករ ស្វាយចន្ទី ចេកអំបូងលឿង មៀនប៉ៃលិន និងម្រេច នៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលនឹងទាក់ទាញ អ្នកវិនិយោគិន ធុរជន និងភ្ញៀវទេសចរមកកាន់កម្ពុជា»។
ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមថា វៀតណាមជាទីផ្សារតំបន់ និងមានភាពអំណោយផលសម្រាប់កម្ពុជា ដោយសារតែស្ថានភាពភូមិសាស្រ្ត ដែលបានជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជាបន្តកើនឡើងជាបន្តបន្ទាប់ ខណៈដែលជំនួបពាណិជ្ជកម្មនាពេលខាងមុខនេះក៏លើកឡើងពីការជំរុញទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសជិតខាងផងដែរ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល១១ ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា មានតម្លៃទឹកប្រាក់សរុប ៥ ៨៧៧ លានដុល្លារ កើនឡើង ៦,៦ ភាគរយ។ នៅក្នុងនោះ ផលិតផលដែលវៀតណាមនាំចូលកម្ពុជា មានដូចជា ដែក ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដូចជា ត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារប្រើប្រាស់ផ្សេងៗ ខណៈផលិតផលដែលកម្ពុជានាំចេញទៅវៀតណាមជាវត្ថុធាតុដើមកសិកម្ម ដែមានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ ជាដើម៕ ដោយ៖ វណ្ណ សុជាតា
