សម្តេចធិបតីស្វាគមន៍ការហោះហើរត្រង់ Vietjet មកកាន់ខេត្តសៀមរាប (Video Inside)
ក្រុមហ៊នអាកាសចរណ៍វៀតណាម Vietjet គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប នៃប្រទេសកម្ពុជា ចាប់ពីពាក់កណ្តាលខែធ្នូឆ្នាំ២០២៣នេះទៅ។
គំរោងហោះហើរនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet និងក្រុមហ៊ុនអាកាសចរណ៍ Sovico Group ដែលបានទទួលការអនុញ្ញាតចូលជួបសម្តែងការគួរសម ចំពោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១២ធ្នូមុនដំណើរវិលត្រឡប់ របស់គណៈប្រតិភូកម្ពុជា វិលត្រឡប់មកកាន់មាតុប្រទេសវិញ។
លោក ង្វៀនថាញ់ ហ៊ុង នៃក្រុមហ៊ុន Sovico Group បានលើកឡើង នូវសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន លើទឹកដីកម្ពុជា និងក្នុងតំបន់ និងបញ្ជាក់ជុំវិញក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។
សម្តេចធិបតី បានថ្លែងគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាង ទីក្រុងហាណូយ និងខេត្តសៀមរាប និងចាត់ទុកថា គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។