សម្តេចធិបតីទទួលជួបប្រធានក្រុមហ៊ុន VRG (Video Inside)
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម VRG ដែលបានបញ្ជាក់ទិសដៅការពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនអាជីវកម្មកៅស៊ូ VRG Vietnam Rubber Giant បានចាប់ផ្តើមការបណ្តាក់ទុនរបស់ខ្លួន ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៧នោះមក។ ក្រុមហ៊ុននេះ បានពង្រីកការរកស៊ីរបស់ខ្លួនបន្តិចម្តងៗ នៅក្នុងខេត្តក្រចេះ, រតនគិរី, កំពង់ធំ, មណ្ឌលគិរី, សៀមរាប,ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ប្រធានក្រុមហ៊ុន VRG បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល ដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈកាលកន្លងមកនេះ រហូតក្រុមហ៊ុនមានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែក នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការនាំចូលនូវបច្ចេកវិទ្យាថ្មីៗ នៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ដែលបានជួយផងដែរដល់ការលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពធនធានមនុស្ស នៅក្នុងវិស័យនេះ។
សម្តេចធិបតី នៅបានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការ នៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ៕